ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលា អំពី “ល្ខោនខោលកម្ពុជា៖ ការរៀបចំ របាយការណ៍វឌ្ឍនភាព៤ឆ្នាំ”

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលា អំពី “ល្ខោនខោលកម្ពុជា៖ ការរៀបចំ របាយការណ៍វឌ្ឍនភាព៤ឆ្នាំ” នៅរោងសម្តែងនាយកដ្ឋានសិល្បទស្សនីយភាព  រាជធានីភ្នំពេញ ក្រោម អធិបតីលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ  ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ 

សិក្ខាសាលានេះមានការនិមន្តចូលរួមពីសំណាក់ ព្រះគ្រូមង្គលវង្សាចារ្យ ជា  ប៊ុនធឿន  ព្រះចៅអធិការវត្តស្វាយអណ្តែត និងការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងព្រឹទ្ធាចារ្យ និងសិល្បករនៃក្រុមល្ខោនខោលវត្តស្វាយអណ្តែត (ខេត្តកណ្តាល), ក្រុមល្ខោនខោល លោកតា ជា ហ៊ា (ខេត្តបាត់ដំបង), ក្រុមយុវជនល្ខោនខោលកម្ពុជា (រាជធានីភ្នំពេញ), ក្រុមល្ខោនខោលនាយកដ្ឋានសិល្បទស្សនីយភាព, គ្រូនិងសិស្សល្ខោនខោលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ, អ្នកស្រាវជ្រាវជាតិ  អន្តរជាតិ ប្រមាណ១២០អង្គ/នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖

-ប្រមូលទិន្នន័យដើម្បីរៀបចំរបាយការណ៍វឌ្ឍនភាព៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី  សម្រាប់ដាក់ជូនអង្គការយូណេស្កូ 

– ស្វែងយល់ពីស្ថានភាពទូទៅនៃក្រុមល្ខោនខោលនានានៅកម្ពុជា

-ជាវេទិកាសម្រាប់សហគមន៍និងសិល្បករល្ខោនខោលជជែកពិភាក្សាដើម្បីរិះរកយន្ដការអភិរក្សនិងលើកតម្លៃល្ខោនខោលនិងមត៌កវប្បធម៌អរូបីដទៃទៀតឱ្យមាននិរន្ដរភាពទៅអនាគត

-បង្ហាញអំពីអ្វីទៅជាមត៌កវប្បធម៌អរូបី អ្វីទៅជាអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី និងដំណើការនៃការចុះមត៌កក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូ។

សូមរំឭកថា ល្ខោនខោលវត្តស្វាយអណ្តែត បានចុះក្នុងបញ្ជីមត៌កវប្បធម៌អរូបីរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ល្ខោនខោលវត្តស្វាយអណ្ដែតមានលក្ខណៈពិសេស ដ្បិតការសម្តែងនោះពុំត្រឹមតែសម្រាប់កម្សាន្តប៉ុណ្ណោះទេ តែវាបង្កប់នូវជំនឿយ៉ាងជ្រាលជ្រៅសម្រាប់សហគមន៍ពោលគឺបួងសួងសុំសេចក្ដីសុខ ភាពចម្រុងចម្រើន បណ្ដេញឧបទ្រពចង្រៃ ហើយជាពិសេសនោះ គឺសុំទឹកភ្លៀង និងភោគផលបរិបូណ៌សម្រាប់រដូវដាំដុះខាងមុខផង៕

ដោយ ៖ សិលា


ចែករំលែក៖