ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃជាបន្តបន្ទាប់នៅភាគនិរតីនៃប្រទេសចិនដោយសារតែកម្តៅក្តៅខ្លាំង

ចែករំលែក៖

សីតុណ្ហភាពក្តៅខ្លាំងនៅតំបន់ភាគនិរតីនៃប្រទេសចិន ស្ថិតនៅក្នុងខេត្ត Chonqging និងតំបន់សុីឈួន បង្កឱ្យមានភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំនៅក្នុងតំបន់នេះ បណ្តាលឱ្យពលរដ្ឋប្រមាណ១០០០នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ ភ្លើងឆេះព្រៃបានកើតឡើងតាំងពីថ្ងៃទី ១៨ខែសីហា ។
ទីក្រុង Chongqing និង Sichuan ជាកន្លែងដែលមានភ្លៀងធ្លាក់តិចជាងឆ្នាំធម្មតាប្រមាណ ៨០% ត្រូវប្រឈមនឹងភ្លើងឆេះព្រៃចំនួន១៩លើក ចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក។ អាជ្ញាធរបានបង្កើន នៅថ្ងៃអង្គារនេះ ដោយព្រមានថាស្ថានភាពគឺ «គ្រោះថ្នាក់ខ្លាំង» នៅក្នុងតំបន់ព្រៃនៃភាគកណ្តាល, ភាគខាងត្បូងតំបន់ឆុងឈីង និងភាគខាងកើតតំបន់ស៉ីឈួន។ មន្រ្តីពន្លត់អគ្គិភ័យរដ្ឋចំនួនជាង ២,៨០០នាក់ត្រូវបានបញ្ជូនទៅកាន់ទីនោះដើម្បីជួយគ្រប់គ្រងស្ថានការណ៍ «ការជូនដំណឹងពណ៌ក្រហម» ។ ជាមួយគ្នានេះ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនក៏បានព្រមានថា ខេត្តជាំងស៉ី (Jiangxi), ហួណាន (Hunan) និង ឈុយហ្សូ៊ (Guizhou) ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងឆេះព្រៃ និងវាលស្មៅផងដែរ។
ទោះជាយ៉ាងនេះក្តី មជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា បើទោះបីជាប្រទេសចិននៅតែស្ថិតក្នុង «ការប្រកាសអាសន្នពណ៌ក្រហម» រយៈពេល ១២ថ្ងៃក៏ដោយ ប៉ុន្តែសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅក្នុងផ្នែកខ្លះនៃភាគកណ្តាលប្រទេសចិននៅថ្ងៃពុធសប្តាហ៍នេះ ហើយនៅតំបន់ឆុងឈីង និងស៉ីឈួន សីតុណ្ហភាពនឹងធ្លាក់ចុះចាប់ពីថ្ងៃទី២៩ ខែសីហា។
កសិករនៅក្នុងទីក្រុង Chongqing ក៏បាននិងកំពុងដំឡើងប្រព័ន្ធធារាសាស្រ្តបណ្តោះអាសន្នដើម្បីសង្រ្គោះដំណាំរបស់ពួកគេ ហើយធ្វើការនៅពេលយប់ដើម្បីជៀសវាងកម្តៅខ្លាំង។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ផលប៉ះពាល់នៃគ្រោះរាំងស្ងួតរយៈពេលវែង អាចនឹងអូសបន្លាយរហូតដល់ខែក្រោយ ជាមួយនឹងហានិភ័យនៃការប្រមូលផលនារដូវស្លឹកឈើជ្រុះ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ China News)


ចែករំលែក៖