ខេត្តមណ្ឌលគិរី ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលរថយន្តកូរ៉េមួយគ្រឿងដឹកឥដ្ឋការ៉ូ ពេលកំពុងបើកបរសុខៗស្រាប់តែរេចង្កូតធ្លាក់ពីលើផ្លូវជាតិដោយមិនដឹងខ្លួន ចូលក្នុងជ្រោះជម្រៅប្រហែល១០០ម៉ែត្រ បណ្តាលឱ្យរថយន្តខូចខ្ទេចខ្ទីគ្មានសល់ ប៉ុន្តែសំណាងល្អ ណាស់ដែលពីរនាក់តៃកុងនិងព្រូ គ្រាន់តែរងរបួសធ្ងន់ធ្ងរដោយគាបជាប់ក្នុងកាប៊ីនរថយន្ត ហើយបានសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងខាងលើនេះបានកើតឡើងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅជិតចំណុចស្ពានអូរងើយ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះពីរនាក់តៃកុងនិងព្រូបានគាបជាប់នៅក្នុងកាប៊ីនរថយន្ត ហើយសំណាងល្អត្រូវបានសមត្ថកិច្ចទៅដល់ទាន់ជួយគាស់យកចេញរួចដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ក្រោយបើកបរធ្លាក់ចូលជ្រោះជ្រៅមិនស្លាប់។ ចំណែករថយន្តកូរ៉េពាក់ស្លាកលេខ ភ្នំពេញ 3E-7038 ជារបស់កងវិស្វកម្ម រងការខូចខាតទាំងស្រុង។
សមត្ថកិច្ចបន្តថា រថយន្តខាងលើបានដឹកឥដ្ឋការ៉ូមកធ្វើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បើកបរដោយឈ្មោះ ឈា សុភក្តិ ជាមន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃ គោលដៅចេញពីភ្នំពេញឆ្ពោះទៅខេត្តមណ្ឌលគិរី ពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែធ្លាក់ពីលើផ្លូវជាតិចូលទៅក្នុងជ្រោះតែម្តង។
ចំពោះគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុ ពិតប្រាកដនៅឡើយទេ គ្រាន់ដឹងថាធ្លាក់ជ្រោះគ្មានអ្វីផ្សេងឡើយ គឺត្រូវរង់ចាំសាកសួរបំភ្លឺពីជនរងគ្រោះក្រោយដឹងខ្លួន៕
ដោយ៖ មាស សុផាត