ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មាន របស់វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់ លោក ឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត ស្វាយរៀង ថាបានប្រព្រឹត្តអំពើពុករលួយ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសបដិសេធព័ត៌មាន។ អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មាន របស់វិទ្យុអាស៊ីសេរី ដែលចោទប្រកាន់ លោក ឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត ស្វាយរៀង ថាបានប្រព្រឹត្តអំពើពុករលួយ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្តល់ទំនុកចិត្ត តែងតាំង លោក កឹង ឃន ជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ការចុះ ផ្សាយរបស់វិទ្យុអាស៊ីសេរី ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់លោក និងកងកម្លាំង នគរបាលខេត្តស្វាយរៀងទាំងមូល ដែលកន្លងមក លោក បានដឹកនាំកងកម្លាំងនគរបាលទូទាំង ខេត្តស្វាយរៀង បំពេញបេសកកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទទួលបានជោគជ័យ ធ្វើឲ្យខេត្តស្វាយរៀងទាំងមូល មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ទទួលបានការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង សូមគូសបញ្ជាក់បន្ថែមថា ការចុះផ្សាយព័ត៌មានរបស់ វិទ្យុអាស៊ីសេរីនេះ គឺជារឿងចាស់កន្លងមក ហើយក៏ធ្លាប់មានក្រុមការងារអធិការកិច្ច សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះមកធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ពុំមានបណ្ដឹងអានាមិក និងករណីដូចការចោទប្រកាន់នោះទេ ។

អាស្រ័យហេតុនេះ សូមសាធារណជន បណ្ដាសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖