ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីសិស្សសាលាម្នាក់ បានលង់ទឹកស្លាប់គួរឱ្យសង្វេគ

ចែករំលែក៖

 ភ្នំពេញ ៖ សំឡេងស្រែកទ្រហោយំរបស់ម្ដាយ និងសាច់ញាតិ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្មេងស្រីសិស្សសាលាម្នាក់បានលង់ទឹករណ្ដៅមួយកន្លែងស្លាប់ កាលវេលាម៉ោង៦ និង១០នាទីល្ងាចថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងសិលា សង្កាត់ព្រៃវែង ខណ្ឌដង្កា។

    ក្មេងស្រីរងគ្រោះមានឈ្មោះ ស៊ុំ សេងហួលី ភេទស្រី អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៅសាលាត្រពាំងសិលា ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។

     តាមប្រភពពីម្ដាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់បានចេញពីផ្ទះទៅសាលារៀនដូចសព្វដងនិងតែងតែត្រឡប់មកផ្ទះវិញជារៀងរាល់ថ្ងៃ ស្រាប់តែនៅថ្ងៃកើតហេតុមានក្មេងដែលរៀនជាមួយគ្នាបានមកប្រាប់ថាកូនស្រីរបស់បានលង់ទឹកលិចបាត់ខ្លួនទៅហើយ ។ 

    តាមប្រភពពីមិត្តភក្តិដែលទៅលេងទឹកជាមួយគ្នាបានឲ្យដឹងថា ពួកគាត់មានស្រីប្រុសជាង១០នាក់ ក្រោយចេញពីសាលារៀនបាននាំគ្នាទៅលេងទឹកស្រះរណ្ដៅដីមួយកន្លែងនេះ ស្រាប់តែបានលង់៣នាក់តែត្រូវបានមិត្តភក្តិជួយស្រង់បាន២នាក់ រីឯម្នាក់ទៀតបានលិចទៅក្នុងទឹកបាត់ដោយមិនអាចជួយបាន ក៏នាំគ្នារត់មកប្រាប់ម្ដាយជនរងគ្រោះ ខណៈទទួលបានដំណឹងនេះភ្លាមៗគាត់និងបងប្អូនរស់នៅជិតខាងបាននាំគ្នាចុះទៅរាវក្នុងទឹករណ្ដៅដីក៏ប្រទះឃើញក្មេងរងគ្រោះខាងលើ ហើយបានស្រង់មកលើគោក ដោយអកុសលក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏យកជនរងគ្រោះមកតម្កល់ទុកក្នុងផ្ទះរបស់ជនរងគ្រោះ និងរាយការណ៍ទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើកោសល្យវិច័យតែម្ដង ។

     បន្ទាប់ពីសមត្ថកិច្ចជំនាញបានពិនិត្យនិងកោសល្យវិច័យរួចក៏បានបញ្ជាក់ថា សពក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖