ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចាត្រូវតុលាការធម្មនុញ្ញព្យួរការងារ

ចែករំលែក៖

បណ្តាគេហទំព័រ ព័ត៌មាននៅក្នុងប្រទេសថៃ មានដូចជា Bangkok Post, The Nation Thailand ThaiPBS, Khaosod និង Workpoint បានផ្សាយថា តុលាការធម្មនុញ្ញប្រទេសថៃ បានសម្រេចព្យួរការងាររបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ។
ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃកំពុងតែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលតុលាការធម្មនុញ្ញប្រទេសនេះត្រូវតែសម្រេចថា តើត្រូវចេញសាលក្រមកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដែរឬទេ។ ប្រសិនបើតុលាការយល់ព្រមនោះ នឹងចេញសាលក្រមព្យួរការងាររបស់នាយករដ្ឋមន្ត្រី។

កន្លងមកក្រុមប្រឆាំងរដ្ឋាភិបាលបានដាក់គំនាបឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ។ ក្រុមប្រឆាំងក៏បានផ្ញើលិខិតទៅកាន់ប្រធានរដ្ឋសភាថៃ លោក Chuan Leekpai និងតុលាការធម្មនុញ្ញ នៅថ្ងៃទី២២ខែសីហា។
តាមប្រភពព័ត៌មានពីគណបក្សភឿថៃ តុលាការរដ្ឋធម្មនុញ្ញនឹងចេញសេចក្តីសម្រេចនៅថ្ងៃទី២៤ខែសីហានេះ។ គណបក្សប្រឆាំងបញ្ជាក់ថា អាណត្តិរបស់លោកប្រាយុទ្ធ ចាន់អូចា បានបញ្ចប់ហើយ។
លោកប្រាយុទ្ធ ចាន់អូចា បានឡើងកាន់អំណាចនៅឆ្នាំ២០១៤ ហើយបន្តដឹកនាំប្រទេសថៃក្រោយការបោះឆ្នោតនៅក្នុងឆ្នាំ២០១៩។ តាមមាត្រាទី១៥៨ នៃរដ្ឋធម្មនុញ្ញថៃ បានកំណត់យ៉ាងច្បាស់ថា អាណត្តិនាយករដ្ឋមន្ត្រីក្នុងប្រទេសនេះមិនអាចកាន់តំណែងលើសពី៨ឆ្នាំឡើយ។ ការកាន់តំណែងរបស់លោកប្រយុទ្ធ ចាន់អូចា គឺគិតចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២គឺគ្រប់ចំនួន មិនអាចបន្តកាន់តំណែងនាយករដ្ឋមន្ត្រីទៀតឡើយ៕

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា។ រូបថត៖ GS

ដោយ៖ធីរីណា(រូបភាព៖ttxvn)


ចែករំលែក៖