ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺសរសៃប្រសាទចងកសម្លាប់ខ្លួននៅលើផ្ទះផ្អើលអ្នកភូមិទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិខណៈដែលពួកគេបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនដោយយកក្រមាពណ៌ក្រហមចងកនឹងរនងដំបូលផ្ទះរបស់ខ្លួនក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២២ស្ថិតនៅភូមិទួលក្រូច ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

     យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះប៉ែន និត អាយុ៤១ឆ្នាំ មុខរបរកសិកររស់នៅភូមិទួលក្រូច ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

    ប្រភពបន្តថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងស្ដៅបានទទួលព័ត៌មានពីលោកមេភូមិទួលក្រូចដែលរាយការណ៏ថា មានអ្នកភូមិម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើផ្ទះ ទើបសមត្ថកិច្ចចុះមកធ្វើការស្រាវជ្រាវនិងពិនិត្យជាមួយលោកវេជ្ជបណ្ឌិត ប៊ូ សុខគង់ ប្រធានផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបង្អែករមាសហែក។ ក្រោយពីសមត្ថកិច្ចនិងគ្រូពេទ្យធ្វើកោសល្យរួចបានសន្និដ្ឋានថាឈ្មោះប៉ែន និត ស្លាប់ដោយសារការធ្វើអត្តឃាតចងកខ្លួនឯងប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

     ស្ដាប់ការបំភ្លឺពីឈ្មោះប៉ែន វាន ភេទស្រី អាយុ៥២ឆ្នាំជាបងបង្កើត រស់នៅជាមួយគ្នាបានបំភ្លឺឱ្យដឹងថា កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២២  វេលាម៉ោង៦ល្ងាចគាត់បានយកបាយទៅឱ្យប្អូនប៉ែន និត ហូបនៅលើផ្ទះដូចសព្វដង។

ក្រោយមកគាត់បានទៅដេកលេងជាមួយម្ដាយនៅផ្ទះខាងត្បូងជាប់គ្នា ដោយទុកឱ្យប្អូននៅផ្ទះតែម្នាក់ឯង។  លុះព្រឹកឡើងថ្ងៃទី២៤ខែសីហាឆ្នាំ២០២២ប្រហែលម៉ោង៦និង៣០នាទីព្រឹកដោយមិនឃើញប្អូនប្រុសចុះពីលើផ្ទះមកដី ក៏មានការសង្ស័យទើបឡើងទៅបើកទ្វារផ្ទះមើលស្រាប់តែឃើញប្អូនចងកសម្លាប់ខ្លួនបាត់ទៅហើយ។

    ប្រភពបន្តថា នាពេលកន្លងមកប្អូនប្រុសធ្លាប់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនម្ដងរួចមកហើយ តែចៃដន្យដាច់ខ្សែធ្លាក់មកក្រោម។  ប្អូនរបស់គាត់ចងកសម្លាប់ខ្លួនដោយសារមូលហេតុមានជំងឺសរសៃប្រសាទរយៈពេលជាង១ឆ្នាំមកហើយបន្ទាប់ពីទៅពេទ្យព្យាបាលដែរប៉ុន្តែមិនធូរស្រាលទើបគិតគេខ្លីបែបនេះតែម្ដង។

    សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនដល់ក្រុមគ្រួសារយកបូជាធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុថាន


ចែករំលែក៖