ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សាកសពបុរសម្នាក់ដែលបានលិចក្នុងទឹកជាមួយនិងរថយន្តមួយគ្រឿងត្រូវបានរកឃើញ

ចែករំលែក៖

ខេត្តក្រចេះ ៖ សមត្ថកិច្ចនគរបាលខេត្តក្រចេះ នៅព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, ក្រោយការចុះរុករកអស់រយៈពេលជាច្រើនម៉ោង សាកសពបុរសម្នាក់ដែលបានលិចក្នុងទឹកជាមួយនិងរថយន្តមួយគ្រឿងត្រូវបានរកឃើញ បន្ទាប់ពីជនរងគ្រោះរូបនេះ ជាមួយនិងគ្នីគ្នា ៣នាក់ផ្សេងទៀត បានជួបហេតុការណ៍ជំនន់ទឹកភ្លៀងហូរកួចប៉ើងរថយន្តក្រឡាប់ចូលអូរនៅចំណុចទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល  កាលពីយប់ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២វេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី២៤ខែសីហាឆ្នាំ២០២២។

សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបន្តថា, កាលពីយប់ថ្ងៃកើតហេតុជនរងគ្រោះមានគ្នា៤នាក់ បានជិះរថយន្តមួយគ្រឿងប្រភេទតូយ៉ូតាព្រូស ឆ្លងកាត់ទំនប់បង្ហៀរទឹកខាងលើ ក្នុងស្ថានភាពមេឃកំពុងភ្លៀងខ្លាំង ធ្វើអោយជំនន់ទឹកភ្លៀងបានហូរគួចរថយន្តដែលកំពុងជិះចូលក្នុងអូរ។ ក្នុងស្ថានភាពនោះមានជនរងគ្រោះ៣នាក់បានរំដោះខ្លួនចេញពីក្នុងរថយន្តរងគ្រោះថ្នាក់ស្រាល និងត្រូវនាំមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្នួល ចំណែកឯជនរងគ្រោះឈ្មោះ ទិត្យ មេសា អាយុ៣១ឆ្នាំ បានស្លាប់បាត់បងជីវិតក្នុងឧប្បត្តិហេតុនេះ ដោយបានលិចទៅក្នុងទឹកជាមួយនិងរថយន្ត ៕

ដោយ ៖ សិលា


ចែករំលែក៖