ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹង​ឱ្យ​ពលរដ្ឋដែលកំពុងតាំងទីលំនៅដោយខុសច្បាប់រុះរេីចេញ

ចែករំលែក៖

ខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងតំាងទីលំនៅដោយខុសច្បាប់ នៅលើទីតាំងដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ព.ន ០០៨០៤០ (CI.1321) ទំហំ ៩៧ហិកតា ៦៤អា និងលេខ ព.ន ០០៨០៤៣ (CI.1324) ទំហំ ៩៧ហិកតា ៦៤អា ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សូមបងប្អូនដកខ្លួន​ ដោយធ្វើការចាកចេញពីទីតាំងខាងលើដោយស្ម័គ្រចិត្ត មុនពេលសមត្ថកិច្ចចុះអនុវត្តវិធានការច្បាប់នាពេលខាងមុខនេះ។

ដើម្បីធានាដល់ការអនុវត្តច្បាប់ និងបញ្ចប់នូវវប្បធម៌អនាធិបតេយ្យលើវិស័យដីធ្លី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ក្រុមការងារចម្រុះចុះទៅអប់រំណែនាំ និងអនុវត្តវិធានការច្បាប់ ចំពោះមេខ្លោងដែលបានញុះញង់ប្រជាពលរដ្ឋទៅចាប់ដីខាងលើ ក្នុងនោះក្រុមការងារចម្រុះបានស្រាវជ្រាវ និងរក ឃើញថា ការចូលទៅកាន់កាប់ដីនៅទីតាំងខាងលើ គឺស្ថិតក្រោមរូបភាពមួយចំនួន ដូចជា៖ ការញុះញង់ឱ្យទៅ ទន្ទ្រានយកដីរដ្ឋ ការបែងជាឡូត៍លក់ទៅឱ្យប្រជាពលរដ្ឋក្នុងតម្លៃទាបដោយកុហកថាមានឯកសារថ្នាក់លើ ការភូតភរប្រជាពលរដ្ឋតៗគ្នាឱ្យមកកាន់កាប់ដីដោយផ្គត់ផ្គង់ជាសម្ភារសំណង់សម្រាប់ធ្វើរបង និងខ្ទមជាដើម។ ក្រុមការងាររកឃើញទៀតថា ការញុះញុងខាងលើនេះ គឺបានធ្វើឡើងដោយមានការចាត់តាំងជាបណ្តាញ និង មានផែនការដើម្បីប្រឆាំងទៅនឹងអាជ្ញាធរសាធារណៈដែលបានចុះអប់រំណែនាំ និងអនុវត្តច្បាប់។ នៅថ្ងៃដែល ក្រុមការងារបានចុះទៅដល់ទីតាំងដីជាក់ស្ដែង គឺមានការរៀបចំកម្លាំងមនុស្សប្រដាប់ដោយកាំបិត ពូថៅ ចំពាម កៅស៊ូ(គ្រាប់ឃ្លីដែក) និងដបសាំង ធ្វើសកម្មភាពស្រែកតវ៉ា ថតឡាយតាមបណ្តាញសង្គម និងវាយប្រហារមក លើកម្លាំងរបស់អាជ្ញាធរ សាធារណៈ។ ខណៈពេលកំពុងមានការតវ៉ាយ៉ាងខ្លាំងខ្លា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន មនុស្សចំនួន ០៤នាក់ ជាមេខ្យល់ក្នុងបទល្មើសជាក់ស្ដែងមកធ្វើការសាកសួរ និងឈានដល់ការកំណត់មុខសញ្ញ មេខ្លោង និងបក្ខពួកមួយចំនួនទៀត។ ករណីនេះ សមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌បានកសាងសំណុំរឿង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីតាមចាប់ខ្លួនមេខ្លោង និងបក្ខពួកដទៃទៀតមកផ្តន្ទាទោសតាមច្បាប់។ ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យអ្នកមានការពាក់ព័ន្ធទាំងអស់ត្រូវដកខ្លួន និងចាកចេញពីទីតាំង ខាងលើដោយស្ម័គ្រចិត្ត មុនពេលសមត្ថកិច្ចចុះអនុវត្តវិធានការច្បាប់នាពេលខាងមុខនេះ។

រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ដោយមិនលើកលែងចំពោះជនណាដែលនៅពីក្រោយខ្នងនៃអំពើញុះញង់ និងការបំផុសចលនាបង្កឱ្យមានភាព ចលាចល និងអនាធិបតេយ្យសម្រាប់សង្គមជាតិ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម បងប្អូនក្រុមអនាធិបតេយ្យ ចូលរួមអនុវត្តតាមខ្លឹមសារន សេចក្តីជូនដំណឹងខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ : សិលា


ចែករំលែក៖