ភ្នំពេញ៖ លោកស្រី យី សុខវួច ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សំម ឫទ្ធីវាសនា ជាតំណាងអយ្យការ កាលពីល្ងាចថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ Yabes Fermin Jr Suyat ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិហ្វីលីពីន ដាក់ពន្ធនាគារកំណត់ចំនួន១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណភាពនៃជនរងគ្រោះ។
សូមបញ្ជាក់ថា ហេតុការណ៍ហិង្សាបណ្តាលឱ្យស្លាប់នេះបានកើតឡើងកាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១ ក្រោយពីជនជាប់ចោទបានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះបណ្តាលឱ្យផ្ទុះហិង្សាឈានដល់មានអ្នកស្លាប់ នៅចំណុចផ្ទះលេខ២៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស(ម១) កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ និងបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ ហើយប្រកាសសាលក្រមនៅល្ងាចថ្ងៃទី២៤ខែសីហាឆ្នាំ២០២២៕
ដោយ ៖ រ៉ារ៉ា