ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋទាំងកណ្តាលអធ្រាត្រអស់ទាំងស្រុងនៅក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ផ្ទះសង់អំពីឈើ ដំបូលប្រក់សង្ក័សី ទំហំ៥មែត្រ × ៥ម៉ែត្រ ត្រូវបានព្រះអគ្គីលេបត្របាក់អស់ទាំងស្រុង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

    ករណីនេះក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំបួរមាស កម្លាំងប្រជាការពារ និងកម្លាំងជំនាញការិយាល័យបង្ការ ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងទទួលដឹកនាំផែនការងារអគ្គិភ័យ និងអាវុធជាតិផ្ទុះ ចុះទៅធ្វើអន្តរាគមន៍ជាបន្ទាន់។

    សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឯក សុធារី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ នៅភូមិសង្កាត់ខាងលើ ។

    ករណីនេះមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ តែបានខូចខាតរោងបាយសង់អំពីឈើ ដំបូលប្រក់សង្ក័សី ទំហំ៥មែត្រគុណ៥ម៉ែត្រត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ។

    ចំពោះមូលហេតុវិញគេពុំទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។ អគ្គិភ័យខាងលើនេះបានរលត់១០០% នៅវេលាម៉ោង០២និង៣០នាទី ដែលក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តចំនួន ០២គ្រឿង និងប្រើប្រាស់អស់ទឹក ០២រថយន្ត ៕ 

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖