ខេត្តបន្ទាយមានជ័យ៖ មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានមានប្រតិកម្ម ទៅនឹងការដែលយកសន្លឹកបៀ ធ្វើជាតំណាងក្រុងនេះ ក្នុងកម្មវិធី Miss Grand Cambodia ដែលបានផ្សាយក្នុងទូរទស្សន៍ និងបណ្តាញសង្គម កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
បើតាមនាយករដ្ឋបាលក្រុងប៉ោយប៉ែត លោក ញឹម ផឿង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ចេញប្រតិកម្មយ៉ាងដូច្នេះថា៖ ក្នុងនាមជាប្រជាពលរដ្ឋមួយរូប ក្នុងក្រុងប៉ោយប៉ែត សូមសម្ដែងនូវ ការមិនពេញចិត្ត និងមិនអាចទទួលបាន ចំពោះកម្មវិធី Miss Grand Cambodia ដែលសំដែងដោយកញ្ញា យី ស្រីពៅ ដែលបានយកសន្លឹកបៀ បង្ហាញជាតំណាងឱ្យ ក្រុងប៉ោយប៉ែត ក្នុងការប្រកួតនេះ។
នាយករដ្ឋបាលក្រុងប៉ោយប៉ែតរូបនេះ បន្តថា៖ ប្រជាពលរដ្ឋក្នុងក្រុងនេះ ភាគច្រើន មានបានដោយប្រកបមុខរបរ រកស៊ីលក់ដូរនៅផ្សារថៃ ដោះដូរទំនិញឆ្លងដែន វិស័យអចលនទ្រព្យ និងមានតំបន់សេដ្ឋកិច្ច ពិសេសរោងចក្រ ក្រុមហ៊ុនជាច្រើនកន្លែង ដែលស្រូបយកកម្លាំងពលកម្ម រាប់ម៉ឺននាក់ ដោយទទួលបានប្រាក់ខែ សម្រាប់ដោះស្រាយជីវភាពគ្រួសារ ។ ដូចនេះ ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត មិនមែនមានបាន ដោយសារកាស៊ីណូឡើយ ។ ការប្រកបមុខរបរ កាស៊ីណូ គឺមានបានតែថៅកែក្រុមហ៊ុន រីឯបុគ្គលិកក្រុមហ៊ុន បានទទួលត្រឹមតែប្រាក់ខែ ប៉ុណ្ណោះ ។
លោក ញឹម ផឿង បានបន្តទៀតថា៖ ក្រុងប៉ោយប៉ែត បានសម្រេចជ្រើសរើសយករូប ” ព្រះវិស្ណុ ” ធ្វើជានិមិត្តរូប (LOGO) ក្រុងប៉ោយប៉ែត ដោយសាររូបនេះ បានកសាងនៅរង្វង់មូល ប៉ោយប៉ែត តាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ។ ព្រោះចាប់តាំង ពីសាងសង់រូបនេះ ធ្វើឱ្យក្រុងប៉ោយប៉ែត មានសន្តិសុខល្អ បងប្អូនប្រជាពលរដ្ឋ រកស៊ីទទួលទាន មានបាន រហូតដល់សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះ ក្រុងប៉ោយប៉ែត នឹងសាងសង់រូបសំណាកនេះ ឡើងវិញ នៅពេលឆាប់ៗ ខាងមុខនេះ ។ លោកបានសំណូមពរ សូមឲ្យក្រសួងពាក់ព័ន្ធ មានចំណាត់ការ ចំពោះរឿងនេះផង ។
សូមជម្រាបថា ក្រុងប៉ោយប៉ែត ជាក្រុងមួយជាប់ព្រំដែនថៃ និងមានច្រកអន្តរជាតិ ជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយក៏ជាទីក្រុង ដែលមានសក្តានុពល និងមានការរីកចម្រើនយ៉ាងខ្លាំងផងដែរ។
គួររម្លឹកផងដែរថា ការប្រកួត Miss Grand Cambodia 2022 កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដែលផ្សាយក្នុងទូរទស្សន៍ និងបណ្តាញសង្គម នារីដែលស្លៀកពាក់ និងសម្តែងជានារី ឈុតតំណាងឲ្យក្រុងប៉ោយប៉ែត និងក្រុងបាវិត ដែលបានបង្ហាញ នូវនារីស្លៀកឈុត តំណាងក្រុង ដោយច្នៃបង្ហាញពីសន្លឹកបៀនិងរូបមេអាប៉ោង នៃល្បែងស៉ីសង នៅក្នុងកាសុីណូ។ កម្មវិធីធំនេះ បង្ហាញជាសាធារណៈ និងជាលក្ខណៈ អន្តរជាតិ ដែលមានរូបនារី កាន់សន្លឹកបៀរនិងមេអាប៉ោង មុខផ្ទាំងរូបថតប្រាសាទអង្គរវត្ត ខ្មែរយើង ឱ្យទាក់ទាញភ្ញៀវទេសចរមកទស្សនាទីកន្លែងនានា នៅប្រទេសកម្ពជា។
គួរបញ្ជាក់ថា ជុំវិញករណីខាងលេីនេះប្រជាពលរដ្ឋ ក៏បានស្នើសុំឱ្យក្រសួងស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច នឹងមានចាត់ការកែតម្រូវ ធ្វើការណែនាំឱ្យម្ចាស់កម្មវិធីទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួនផងដែរ៕
ដោយ៖សហការី