ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិន ៖ លោក Liu Jianchao ជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២៤ខែសីហា លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

លោក Liu Jianchao មានប្រសាសន៍ថា ទំនាក់ទំនងចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»និងលោក ម៉ៅ សេទុង,លោក ចូវ អេនឡាយ និងថ្នាក់ដឹកនាំចិនជំនាន់មុន។ សម្តេច«ព្រះបរមរតនកោដ្ឋ»ជានិមិត្តរូបដ៏សំខាន់នៃចំណងមិត្តភាពរវាងចិន-កម្ពុជាដែលឆ្លាក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនទាំងពីរ។ ភាគីចិនសូមវាយតម្លៃខ្ពស់ចំពោះការរួមព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់សម្តេច«ព្រះបរមរតនកោដ្ឋ»ក៏ដូចជាព្រះរាជវង្សានុវង្សសម្រាប់ទំនាក់ទំនងចំណងមិត្តភាពយូរអង្វែងមួយនេះ ហើយរីករាយបន្តសហការជាមួយភាគីកម្ពុជាដើម្បីបន្តផ្សព្វផ្សាយទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជា ផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ។

លោក Liu Jianchao បន្តទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច តែងប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពជាមួយភាគីចិន តែងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌សច្ចៈធម៌លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិនមានដូចជាបញ្ហាកោះតៃវ៉ាន់ជាដើម ហើយបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលជំហររបស់ចិន គឺជាមិត្តល្អនិងមិត្តពិតប្រាកដរបស់គណបក្សកុម្មុយនីស្តចិន។ ក្រោមស្ថានភាពថ្មី គណបក្សកុម្មុយនីស្តចិនរីករាយពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញអភិវឌ្ឍទំនាក់ទំនងរវាងចិន-កម្ពុជានិងការកសាងសហគមន៍វាសនារួមគ្នា។

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលទទួលបានដ៏មហិមារបស់ប្រជាជនចិនដែលក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន បានថ្លែងអរគុណដល់គណបក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលចិនដែលតែងផ្តល់ការគាំទ្រនិងជំនួយយ៉ាងពេញទំហឹងមកកាន់កម្ពុជារយៈពេលវែង។ ព្រះអង្គក៏មានព្រះរាជបន្ទូលថា គណបក្សហ្វ៊ុនស៊ិនប៉ិចប្រកាន់ខ្ជាប់ព្រះរាជដំបូន្មានរបស់សម្តេច«ព្រះបរមរតនកោដ្ឋ» រក្សាទំនាក់ទំនងមិត្តភាពពិសេសរវាងកម្ពុជានិងចិន យកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគណបក្សកុម្មុយនីស្តចិន នឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយមិត្តភាពជាមួយភាគីចិន គាំទ្រយ៉ាងមុតមាំនូវគោលជំហរត្រឹមត្រូវរបស់ចិន បន្តផ្សព្វផ្សាយទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន៕

ដោយ ៖ សិលា


ចែករំលែក៖