ភ្នំពេញ ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃព្រហស្បតិ៍ទី២៥ ខែសីហា ឆ្នាំ២០២២នេះថា៖តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែសីហានេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.៨៦៤គ្រឿង ម៉ូតូចំនួន ២.៤៧៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៧៥គ្រឿង មានម៉ូតូចំនួន ៣០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២៥ថ្ងៃ(ថ្ងៃទី០១-២៥ ខែសីហា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៧២.៤៨៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨.៤២៤គ្រឿង ម៉ូតូមានចំនួន ៧.២៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៥ថ្ងៃនៃខែសីហានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ