ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី អុី ចំរើន ជួបជាមួយភាគីថៃពិភាក្សាលើការប្រើប្រាស់លិខិតឆ្លងព្រំដែនជូនពលរដ្ឋខ្មែរទៅលក់ដូរនៅផ្សាររុងក្លឿព្រឹកវិលល្ងាច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដើម្បីសម្រួលដល់បងប្អូនពលរដ្ខខ្មែរដែលទៅលក់ដូរនៅផ្សាររុងក្លឿ(ថៃ)ចូលព្រឹកវិលវិញល្ងាចនោះ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ត្រី អុី ចំរើននាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានអញ្ជើញចូលជួបជាមួយភាគីថៃនៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ភាគីថៃ ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ។

   លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានមានប្រសាសន៌ថា៖ ជំនួបពិភាក្សារវាងរូបលោក ជាមួយនឹងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ធ្វើឡើងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរដើម្បីជួយសម្រួលដល់ភ្ញៀវជាតិ អន្តរជាតិ រួមទាំងបងប្អូនប្រជាពលរដ្ឋនិងអាជីវករឱ្យបានឆាប់រហ័ស ផ្តល់ភាពងាយស្រួលដល់ការចេញចូលសម្រាប់ពួកគាត់ និងកុំឱ្យមានកកស្ទះ។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា៖ នៅក្នុងកិច្ចពិភាក្សានេះ លោកក៏បានស្នើសុំឱ្យមានការដំណើរការការធ្វើកាត(IMGIMIGRATION CARD)ជូនប្រជាពលរដ្ឋខ្មែរក្នុងក្រុងប៉ោយប៉ែតសាជាថ្មីឡើងវិញ ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សាររុងក្លឿ ហើយការស្នើសុំនេះគឺជាលើកទី៤ហើយ។ លោកបញ្ជាក់បន្ថែមថា ចំពោះសំណើនេះខាងភាគីថៃគេនឹងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់គេបន្តទៀត បើសម្រេចយ៉ាងណានោះខាងថៃនឹងជម្រាបជូនដំណឹងនៅពេលក្រោយ៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖