ព័ត៌មានទាន់ហេតុការណ៍៖

បម្រុងលួចកាត់ខ្សែ.កក្មេងស្រីអាយុ៣ឆ្នាំឪពុកឃើញទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្ត្រីជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបញ្ជូនខ្លួនយកមកអធិការដ្ឋាននគរបាលក្រុង បន្ទាប់ពីជនសង្ស័យរូបនេះបម្រុងលួចកាត់ខ្សែ.កក្មេងស្រីអាយុ៣ឆ្នាំពុំបានសម្រេច ដោយឪពុកក្មេងរងគ្រោះឃើញទាន់ ។ករណីប៉ុនប៉ងលួចនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទីនៅចំណុចការដ្ឋានកំពុងសាងសង់ក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ឪពុកក្មេងរងគ្រោះឈ្មោះភុំ សុវណ្ណអុី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន។ ជនសង្ស័យឈ្មោះ ណង ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគោករកា សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។  

   វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទចំនួន០១គ្រឿងម៉ាក OPPO ពណ៌ផ្កាឈូកលាយស (របស់ជនសង្ស័យ), កន្ត្រៃកាត់ក្រចកចំនួន០១ (របស់ជនសង្ស័យ)។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុខាងលើឈ្មោះ ភុំ សុវណ្ណអ៉ី ភេទប្រុស អាយុ៣០ឆ្នាំ បាននាំប្រពន្ធនិងកូនស្រីអាយុ៣ឆ្នាំ មកដើរលេងនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។លុះដល់វេលាកើតហេតុខាងលើ ឈ្មោះភុំ សុវណ្ណអុីបាននាំប្រពន្ធនិងកូនមករកទិញសៀវភៅដែលគេដាក់លក់នៅក្នុងការដ្ឋានកំពុងសាងសង់ក្នុងភូមិតាខ្មៅ១  ខណៈដែលគាត់កំពុងតែទិញសៀវភៅ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពបម្រុងកាត់ខ្សែកកូនគាត់ តែត្រូវបានគាត់ឃើញទាន់ក៏ចាប់ឃាត់ខ្លួនទុកនិងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅយកមកសួរនាំនៅប៉ុស្តិ៍។ 

    នៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប៉ុនប៉ងលួចកាត់ខ្សែកកូនរបស់ជនរងគ្រោះប្រាកដមែន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនិតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖