ខេត្តកណ្ដាល៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកសុក្រទី២៦ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ។ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៦ ខែសីហា ស្ថិតក្នុងភូមិត្រពាំងអណ្ដូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បេីតាមមន្ត្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៦ ខែសីហានេះដែរថា៖ ជនរងគ្រោះឈ្មោះ ហ៊ិន រតនៈ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងអណ្ដូង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ចំណែកជនសង្ស័យ០៣នាក់ ទី១-ឈ្មោះ ពុធ សុខខី ហៅខី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ, ទី២-ឈ្មោះ សេត វិសារ ហៅសារ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គស្លែង សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង៣-ឈ្មោះ ចក់ ហ៊ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក ៖ កាបូបដៃសម្រាប់ដាក់ប្រាក់ចំនួនមួយ ពណ៌ខ្មៅ ។ វត្ថុតាងបាត់បង់ ៖ ប្រាក់ដុលា្លរចំនួន១២៥០ដុល្លារអាមេរិក (មួយពាន់ពីររយហាសិប) ប្រាក់រៀលចំនួន ៦០០.០០០រៀល (ហុកសិបម៉ឺនរៀល) និងទូរស័ព្ទចំនួន៣គ្រឿង ក្នុងនោះម៉ាក OPPO ចំនួន២គ្រឿង ពណ៌ក្រហម០១ ពណ៌ខៀវមួយ និងម៉ាក Iphone7 ពណ៌ទឹកប្រាក់ចំនួន១គ្រឿង។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងលើ បានចេញល្បាតក្នុងភូមិសាស្ដ្រ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ។ លុះមកដល់ចំណុចភូមិភ្នំដីជាប់ព្រំប្រទល់ជាមួយភូមិត្រពាំងអណ្ដូង ឃុំសំរោងលើ ក៏បានជួបជាមួយជនសង្ស័យ ឈ្មោះ ចក់ ហ៊ា ដោយមានការសង្ស័យក៏ហៅសាកសួរនាំ ទើបជនសង្ស័យបានសារភាពថា នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០យប់ ខ្លួននិងបក្ខពួកឈ្មោះ សេត វិសារ និងឈ្មោះ ពុធ សុខខី បានធ្វើសកម្មភាពចូលលួចយកកាបូបដាក់លុយ និងទូរស័ព្ទចំនួន៣គ្រឿង របស់ជនរងគ្រោះនៅភូមិត្រពាំង អណ្ដូង ឃុំសំរោងលើ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមប៉ុស្ដិ៍នគរបាល ក៏បានរាយការណ៍ទៅផ្នែកជំនាញ ដើម្បីសុំការសហការ ។
ក្រោយមកប៉ុស្ដិ៍សំរោងលើ ផ្នែកនគរបាលយុត្តិធម៌ស្រុកអង្គស្នួល បានសហការជា មួយប៉ុស្ដិ៍នគរបាលឪឡោក ខណ្ឌកំបូល ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សេត វិសារ ឈ្មោះ ពុធ សខខី នៅភូមិអង្គស្លែង សង្កាត់ឪឡោក បន្ទាប់មកក៏បាននាំខ្លួនជនសង្ស័យទាំងបីនាក់ ទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួនាំបន្តតាមនីតិវិធីច្បាប់។
ក្រោយមកជនសង្ស័យទាំង៣នាក់បានសារភាពថា បក្ខពួកខ្លួនទាំង៣នាក់ពិតជាបានចូលលួចយកកាបូបដាក់លុយ និងទូរស័ព្ទដៃចំនួនបីគ្រឿងជារបស់ជនរងគ្រោះមែន ហើយនៅក្នុងកាបូបនោះមានប្រាក់ដុល្លាចំនួន១២៥០ដុល្លារ ប្រាក់រៀលចំនួន៦០០.០០០រៀល ហើយចំពោះប្រាក់ទាំងអស់នោះបានចែកគ្នាយកទៅចាយវាយរៀងៗខ្លួនអស់ហើយ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី