ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿងធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីយុវជនម្នាក់បានសម្រេចហេីយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវជនរងគ្រោះដេញតាមធាក់ម៉ូតូបណ្តាលឱ្យដួលហើយឃាត់ខ្លួនបានម្នាក់ភ្លាមៗនិងបន្តដេញតាមឃាត់ខ្លួនបក្សពួកបានជាបន្តបន្ទាប់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១-ឈ្មោះ សៀន មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខ របរសិស្ស ស្នាក់នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យទី២-ឈ្មោះ ជួន ជិនបូរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី៣-ឈ្មោះ សាន វណ្ណឃិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ សាត រតនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកកិបសំបុត្រម៉ូតូ ស្នាក់នៅផ្ទះលេខ២២ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំពោះម៉ូតូ២គ្រឿងដែលជនសង្ស័យជិះធ្វេីសកម្មភាពគឺម៉ាកហុងដា C110 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BHI-8684 និងម៉ាកSUZUKI NEX ពណ៌ស សេ៊រីឆ្នាំ២០២១ ពាក់ស្លាកលេខកណ្តាល 1 NP-7747។
រីឯទូរស័ព្ទរបស់ជនរងគ្រោះម៉ាក SAMSUNG GALAXY A02 ពណ៌ខៀវ។
តាមការបំភ្លឺរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៥ ខែសីហា ឆាំ្ន២០២២ វេលាម៉ោង១១ និង០០នាទី រូបខ្លួនបានជិះម៉ូតូម៉ាក Honda Dream C125 សេ៊រីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1W-4746 ឌុបបងជីដូនមួយឈ្មោះ សាត នីសា ចេញពីការដ្ឋានផ្ទះកំពុងសាង សង់ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក គោលបំណងដើម្បីទៅទិញម៉ូតូនៅម្ដុំផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ លុះមកដល់ចំណុចកើតហេតុ ផ្លូវបេតុងស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១៣ និង០០នាទីថ្ងៃខែឆ្នាំដដែល ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ខាងលើជិះម៉ូតូចំនួន០២គ្រឿងមកធ្វើសកម្មភាពឆក់យក ទូរស័ព្ទដៃពីរូបខ្លួនបានសម្រេច ហើយបានជិះម៉ូតូគេចខ្លួន រីបក្សពួកជនសង្ស័យម្នាក់ឈ្មោះ ជួន ជិនបូរី ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវរូបខ្លួនធាក់បណ្តាលឱ្យដួលម៉ូតូហើយស្រែកថាចោរៗ គាប់ជួន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២កំពុងតែល្បាតដើម្បីបង្ការ បង្ក្រាបបទល្មើសតាមមូលដ្ឋានឮសំឡេងស្រែកថាចោរៗ ក៏ជួយធ្វើអន្តរាគមន៍ឃាត់ជនសង្ស័យបាន០១នាក់យកមកប៉ុស្តិ៍ដើម្បីសាកសួរ និងបន្តស្រាវជ្រាវឃាត់បានបក្សពួកចំនួន០២នាក់ទៀត ទី១-ឈ្មោះ សៀន មករា និងទី២-ឈ្មោះសាន វណ្ណ
ឃិត រួមទាំងវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿងម៉ាក NEX ដែលជិះធ្វើសកម្មភាព យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដើម្បីសួរនាំ៕
ដោយ៖សុខាសែនជ័យ