អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្យាករថា កម្លាំងទាហានអ៊ុយក្រែនអាចនឹង ធ្វើរដ្ឋប្រហារនៅទីក្រុងកៀវ ដើម្បីធ្វើនូវអ្វីដែលរដ្ឋាភិបាលស៊ីវិលបដិសេធអនុវត្តពិភាក្សាសន្តិភាពជាមួយរុស្ស៊ី។
លោក Dmitry Medvedev បច្ចុប្បន្នជាអនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី បានលើកឡើងពីយុទ្ធសាស្ត្រចំនួន២ដែលអាចនឹងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ ទីមួយគឺកម្លាំងទាហានអ៊ុយក្រែនធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលទីក្រុងកៀវដើម្បីពិភាក្សាសន្តិភាពជាមួយរុស្ស៊ី ដែលជាចំណុចរដ្ឋាភិបាលបច្ចុប្បន្នបានបដិសេធ។ ទីពីរគឺរដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែនត្រូវផ្លាស់ប្តូរទស្សនៈដោយយល់ព្រមទៅលើលក្ខខណ្ឌដែលរុស្ស៊ីដាក់ចេញ គឺបញ្ចប់សកម្មភាពចងគំនុំ។
លោក Dmitry Medvedev បញ្ជាក់ថា «បើទោះបីវិធីណា រុស្ស៊ីចាំបាច់ត្រូវតែសម្រេចគោលដៅនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងពេលដំបូង ទីក្រុងកៀវបង្ហាញពីសកម្មភាពកណ្តាល ប៉ុន្តែ ក្រោយមកអ៊ុយក្រែនបានប្រែក្រឡាស់ បន្ទាប់ពីមានការគាំទ្រពីរដ្ឋាភិបាលអាមេរិក អ៊ុយក្រែនក៏បានប្រកាសយកឈ្នះរុស្ស៊ី ហើយដណ្តើមគ្រប់គ្រងតំបន់គ្រីមៀវិញ ។
ការប្រកាសរបស់លោក Dmitry Medvedev គឺជាការឆ្លើយតបនឹងអត្ថបទដែលបានផ្សាយនៅលើសារព័ត៌មាន The Guardian ថា សង្គ្រាមនៅអ៊ុយក្រែននឹងអូសបន្លាយ៦ខែខាងមុខទៀត។ ជាមួយគ្នានេះដែរ លោក Medvdev បានលើកឡើងថា ការព្យាករណ៍របស់លោកខាងលិច ថាអ៊ុយក្រែននឹងយកឈ្នះក្នុងសង្គ្រាមនោះគឺជាសម្តីនិយាយកុហក៕ ដោយ៖ ធីរីណា
រូបថត ៖ Sputnik