ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបនៅ Premier League បំបែកកំណត់ត្រាចំណាយក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈមួយសប្តាហ៍ទៀតបិទ

ចែករំលែក៖

ក្លិប Premier League បានបំបែកកំណត់ត្រារបស់ពួកគេសម្រាប់ការចំណាយក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ខណៈដែលទីផ្សារដោះដូរកីឡាករនេះនឹងចប់នៅចុងខែសីហា។ នេះបើយោងតាមការវិភាគពីក្រុមហ៊ុនហិរញ្ញវត្ថុ Deloitte

ក្រុមហ៊ុន Deloitte បានគណនាថា ក្លិបបានចំណាយប្រាក់១.៥ពាន់លានផោនមកទល់ពេលនេះក្នុងរដូវក្តៅនេះ ដែលលើសពីកំណត់ត្រាមុន១.៤ពាន់លានផោនក្នុងឆ្នាំ២០១៧។

នៅសល់មួយសប្តាហ៍ទៀតដែលត្រូវទៅរហូតដល់ទីផ្សារដោះដូរកីឡាករបិទនៅម៉ោង១១យប់ ថ្ងៃទី១ ខែកញ្ញា។ ការចំណាយនៅចំណុចដូចគ្នាក្នុងឆ្នាំ២០២១គឺទឹកប្រាក់៨៩៥លានផោន ហើយបានបន្តឈានដល់១.១ពាន់លានផោន។

លោក Chris Wood ជំនួយការនាយកនៅក្នុងក្រុមពាណិជ្ជកម្មកីឡារបស់ Deloitte បាននិយាយថា “កម្រិតកំណត់ត្រានៃការចំណាយដែលយើងបានឃើញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ រហូតមកដល់ពេលនេះផ្តល់សញ្ញាថា គំរូអាជីវកម្មរបស់ក្លិPremier League កំពុងងើបឡើងវិញក្រោយវិបត្តិ Covid ខណៈដែលនេះគឺជាការលើកទឹកចិត្ត សារៈសំខាន់នៃក្លិបដែលបង្កើតគោលនយោបាយចំណាយប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយនិរន្តរភាព មិនអាចនិយាយលើសពីនេះបានទេ

ការផ្ទេរដ៏ធំបំផុតមួយចំនួនបានឃើញក្លិប Liverpool ចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Darwin Nunez ពី Benfica ក្នុងតម្លៃដំបូង៦៤លានផោនក្នុងកិច្ចព្រមព្រៀងដែលអាចកើនឡើងដល់៨៥លានផោន ខណៈដែលក្លិប Manchester United បាននាំយកខ្សែបម្រើប្រេស៊ីល Casemiro ក្នុងតម្លៃ៦០លានផោនពី Real Madrid ក្នុងការផ្លាស់ប្តូរមួយ ដែលអាចមានតម្លៃ៧០លានផោន។

ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានចុះហត្ថលេខាលើខ្សែប្រយុទ្ធប្រេស៊ីល Richarlison ពី Everton ក្នុងការផ្លាស់ប្តូរមួយដែលត្រូវបានគេជឿថា មានតម្លៃ៦០លានផោន ហើយ Manchester City បានធានាការមកដល់របស់ខ្សែប្រយុទ្ធន័រវេស Erling Haaland ក្នុងតម្លៃ៥១.២លានផោនពី Borussia Dortmund

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Raheem Sterling បានចូលរួមជាមួយក្លិបChelsea ក្នុងកិច្ចព្រមព្រៀង៥០លានផោន ខណៈដែលក្រុមតោខៀវក៏បានចុះហត្ថលេខាលើខ្សែការពារអេស្ប៉ាញ Marc Cucurella ពី Brighton ក្នុងការផ្លាស់ប្តូរតម្លៃជាង៦០លានផោន។

រហូតមកដល់ពេលនេះកីឡាករចំនួន១៤នាក់ត្រូវបានចុះហត្ថលេខាដោយក្លិនៅ Premier League សម្រាប់តម្លៃដែលត្រូវបានរាយការណ៍បង្ហាញថា ច្រើនជាង៣០លានផោន ធៀបនៅការដោះដូរក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅកាលពីឆ្នាំ២០២១

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖