ភ្នំពេញ៖ នាឱកាសថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចរយៈពេល ៥ ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដើម្បីកាត់បន្ថយទឹកជំនន់របស់ស្ទឹងព្រែកត្នោត ហូរកាត់រាជធានីភ្នំពេញ ក្រសួងធនធានទឹក និងឧតុនិយម បានស្ដារស្ទឹងព្រែកត្នោតដោយសម្រេចបានជាង៦០ភាគរយ ហើយ ដែលជាគម្រោងមួយដ៏ល្អក្នុងការកាត់បន្ថយផលប៉ៈពាល់ដែលបណ្តាលមកពីគ្រោះទឹកជំននន់។
អនុប្រធានអាជ្ញាធរទន្លេសាប បានថ្លែងបន្តថា៖ ឆ្នាំនេះទឹកជំនន់ស្ទឹងព្រែកត្នោត នឹងមិនគំរាមកំហែងរាជធានីភ្នំពេញ និងផ្នែកខ្លះនៃ ខេត្ត កណ្ដាល ដូចកាលពីឆ្នាំកន្លងទៅនោះឡើយ ខណៈបច្ចុប្បន្ននេះក្រសួងបាននិងធ្វើការងារយ៉ាងដុតដៃដុតជើង ពាក់ព័ន្ធការស្ដារ និងជួសជុលទំនប់ដ៏សំខាន់មួយនេះឡើងវិញ។ លោក បានបន្តថា ក្រសួងធនធានទឹក និងឧតុនិយម បានគិតគូរបង្កើនលំហូរទឹកអតិបរមាបានចំនួន ១,៣៥០ម៉ែត្រគូប ក្នុងមួយវិនាទី នៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត បង្កើនលទ្ធភាពដោះទឹកជំនន់ នៅផ្នែកខាងលិចនៃរាជធានីភ្នំពេញ ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ម៉ៅ ហាក់ បានគូសបញ្ជាក់ថា៖ «យើងប្រឹងប្រែងដោះស្រាយធ្វើយ៉ាងម៉េចរំដោះទឹកនេះឱ្យបាន ធ្វើម៉េចការពាររាជធានីភ្នំពេញ និងតំបន់មួយចំនួនក្នុងខេត្តកណ្ដាល ពីជំនន់ស្ទឹងព្រែកត្នោត។ រហូតមកដល់ថ្ងៃនេះ ពីខែមុនទេដែលខ្ញុំ បានចុះទៅពិនិត្យគឺបាន៦៤ភាគរយហើយ អ៊ីចឹងយើងនៅបន្តធ្វើបន្តទៀតការងារមួយចំនួន ប៉ុន្តែការងារដែល សំខាន់ដែលយើងត្រូវគិតពិចារណា ការពារជំនន់នៅខាងមុខនេះ យើងជម្រាបថា ខែ៩ ខែ១០ហ្នឹង ព្រែកត្នោតត្រូវត្រៀម សង្ឃឹមថាមិនអីចុះឆ្នាំនេះ »។
គួរជម្រាបថា ដើម្បីរំដោះទឹកជំនន់នៅស្ទឹងព្រែកត្នោតនេះ ក្រសួងបានបង្វែរការសាងសង់ទំនប់អាងទឹកចំនួន ៣ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺនោះរួមមាន៖
*ទី១ ទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល មានលទ្ធភាពស្តុកទឹកបានប្រមាណ ១៥៤ លានម៉ែត្រគុបត្រូវបានក្រសួងធនធានទឹក ធ្វើការសាងសង់ឡើង ក្នុងឆ្នាំ ២០១១ និងបានបញ្ចប់ការងារជំហានទី ១ កាលពីខែកក្កដា ឆ្នាំ ២០១៤។
*ទី២ ទំនប់អាងទឹក ស្វាហាប់ ឬអាងទឹកស្វាស្លាប់ ស្ថិតក្នុងភូមិសាស្ត្រទំនប់ចម្លងទីវ ឃុំចំបក់ ស្រុកភ្នំស្រួច។ ទំនប់អាងនេះអាចស្តុកទឹកបានប្រមាណ ១៣០ លានម៉ែត្រគុប។
*ទី៣ ទំនប់អាងទឹកស្ទឹងឃ្លាច នៅស្រុកឱរ៉ាល់ដែរ ដោយទំនប់អាងទឹកនេះ អាចស្តុកទឹកបានប្រហាក់ប្រហែលនឹងទំនប់អាងទឹក តាសាល ផងដែរ។
គួរបញ្ជាក់ថា គម្រោងស្ដារឡើងវិញនូវស្ទឹងព្រែកត្នោត ក្នុងគោលបំណងកាត់បន្ថយគ្រោះមហន្តរាយ ទឹកជំនន់ ដែលតែងតែយាយីដល់រាជធានីភ្នំពេញ និងបណ្តាខេត្តដែលទទួលឥទ្ធិពលពីរបបទឹកស្ទឹងព្រែកត្នោត។ ស្ទឹងព្រែកត្នោត គឺជាស្ទឹងដ៏វែងមួយក្នុងប្រទេសកម្ពុជាដោយហូរចេញពីតំបន់ជួរភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដល់ព្រំប្រទល់ខេត្តកោះកុង ហូរឆ្ពោះទៅចូលទន្លេបាសាក់ តាមរយៈព្រែកកំពឹស ដល់ក្រុងតាខ្មៅ ខេត្តកណ្តាល៕
ដោយ៖ សហការី