ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ ប្រធានក្រុមការងារថ្នាក់ខេត្ដចុះមូលដ្ឋានឃុំអង្គប្រស្រែ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំអង្គប្រស្រែបានសំណូមពរ ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវចាក់បេតុងចូលវត្ដត្រពាំងព្រីង ក្រោយពីការស្ថាបនារួចហើយនាពេលនេះសូមមេត្តាជួយថែទាំឲ្យបានយូរអង្វែង ព្រោះនេះជាផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ។
ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២២បន្ទាប់ពីលោកប្រធានក្រុមការងារថ្នាក់ខេត្ដចុះមូលដ្ឋានឃុំអង្គប្រស្រែ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំអង្គប្រស្រែ ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរ និងចុះពិនិត្យស្ថានភាពការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃលក់ដូររបស់ប្រជាពលរដ្ឋ នៅផ្លូវចូលវត្ដត្រពាំងព្រីង ស្ថិតក្នុងឃុំអង្គប្រស្រែស្រុករមាសហែក ក្រោយពីការស្ថាបនាផ្លូវបេតុងរួចរាល់ ។
ក្នុងឱកាសនោះលោកហែម ពិសិដ្ឋ បានថ្លែងថា ការអភិវឌ្ឍប្រទេសអាចដំណើរការទៅបានដោយសារប្រទេសជាតិយើង មានសន្តិភាព ហើយសន្តិភាពនេះគឺមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពនេះឲ្យគង់វង្សយូរអង្វែង។
លោក បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវចាក់បេតុងល្អហើយនោះត្រូវចេះថែរក្សាអោយបានគង់វង្សយូរអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូនយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា សម្រាប់ផ្លូវបេតុងនេះ ចែកចេញជាពីរគឺ ទុកសម្រាប់ បងប្អូនធ្វើដំណើរ ទទឺង៦ម៉ែត្រនិងនៅសល់ទាំងសងខាង៥ម៉ែត្រកន្លះទុកសម្រាប់បងប្អូនអាជីវករបានលក់ដូរផងដែរ ៕
ដោយ៖ សុថាន