ក្រុងប៉ោយប៉ែត៖ ដើម្បីបញ្ចៀសនូវការកកស្ទះនិងមានសណ្ដាប់ធ្នាប់ក្នុងការធ្វើដំណើរ រដ្ឋបាលក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងសមត្ថកិច្ចនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះបានចុះណែនាំដល់ពលរដ្ឋនិងអាជីវករលក់ដូរលើផ្លូវសាធារណៈ។
នៅក្នុងប្រតិបត្តិការខាងលើដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុង ដោយមានកងកម្លាំងចម្រុះ អាជ្ញាធរសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ ប្រជាការពារភូមិ ចុះរៀបចំសណ្តាប់ធ្នាប់ និងជូនដំណឹងឱ្យរុះរើ បញ្ឈប់ការតាំងលក់លើចំណីផ្លូវ និងការតសំយាបលយចូលមកផ្លូវនៅចំណុចជុំវិញផ្សារត្រី ។
ក្នុងឱកាសនោះដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានតាំងទំនិញលក់លើផ្លូវ និងការ
តសំយាបលយចូលមកចំណីផ្លូវសូមចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ និងសូមឱ្យមានការស្វ័យរុះរើស្ម័គ្រចិត្តដោយខ្លួនឯង ។ រដ្ឋបាលក្រុងនឹងទុកឱសានវាទរយៈពេល០៩ថ្ងៃក្នុងការរុះរើចាប់ពីថ្ងៃចុះណែនាំជូនដំណឹងនេះតទៅ បើផុតរយៈពេលកំណត់ រដ្ឋបាលក្រុងនឹងចុះរុះរើ ហើយមិនទទួលខុសត្រូវលើការខូចខាតឡើយ។
ដើម្បីទីក្រុងស្អាត និងមានរបៀបរៀបរយគឺត្រូវការចូលរួមនិងផ្តើមចេញពីបងប្អូនទាំងអស់គ្នា៕
ដោយ ៖ វណ្ណា