ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើដាវគំរាម និងយកដុំថ្មគប់ក្បាលបុរសជាជាងកាត់សក់ម្នាក់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បន្ទាប់ពីធ្វើសកម្មភាពប្រើដាវគំរាម និងយកដុំថ្មគប់ក្បាលបុរសជាជាងកាត់សក់ម្នាក់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅមុខដីឡូត៍គ្មានលេខ តាមផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នាថ្ងៃទី២៦ ខែសីហាឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន ការីន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ម៉ូតូដែលពួកចោរប្លន់យកម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO-7944 ។

ចំណែកជនសង្ស័យដែលសមត្ថកិច្ឃាត់ខ្លួនឈ្មោះ អ៊ុន លាងហៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។  រីឯបក្ខពួក០២នាក់ទៀតបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IO-7944 មកឈប់នៅចំណុចកើតហេតុដើម្បីបត់ជើងតូច ស្រាប់តែមានជនសង្ស័យ០៣នាក់ ឈ្មោះអ៊ុន លាងហៃ, ឈ្មោះ និត និងឈ្មោះពាង ជិះម៉ូតូ០១គ្រឿងម៉ាកហុងដា ស៊ីធីភ្លើស ពណ៌សលាយខ្មៅ គ្មានស្លាកលេខមកឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកដាវគំរាម និងយកដុំថ្មគប់ជនរងគ្រោះបែកក្បាលប្លន់យកម៉ូតូជនរងគ្រោះជិះគេចខ្លួន។  ពេលនោះមានសមត្ថកិច្ចល្បាតឃើញក៏ដេញតាមពួកជនសង្ស័យរហូតដល់ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ុន លាងហៃ រួមនឹងវត្ថុតាងម៉ូតូ០២គ្រឿង ជាម៉ូតូជនរងគ្រោះនិងម៉ូតូជិះធ្វើសកម្មភាព ព្រមទាំងដាវ០១ដើម រួចបញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖