ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ សែម រតនា បន្តចុះត្រួតពិនិត្យជំរុញការងារបោសសម្អាតមីន(NPMEC) ក្នុងភូមិសាស្រ្តស្រុកមេមត់ ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តទី៣ គ្មានគ្រាប់មីន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីន(NPMEC) ក្នុងភូមិសាស្រ្ត ឃុំទ្រៀក និងឃុំជាំក្រវៀន ស្រុកមេមត់។

មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីនទាំងអស់ លោកឧត្តមសេនីយ៍ទោ សែម រតនា បាននាំនូវការផ្តាំផ្ញើរសួរសុខទុក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ លោកទេសរដ្ឋមន្រ្តី លី ធុជ និង លោកនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី ជូនចំពោះកងកម្លាំងបោសសម្អាតមីនទាំងអស់ដែលកំពុងបំពេញបេសកកម្មការងារ សម្រាប់សកម្មភាពបោសសម្អាតមីននេះ ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តទី៣ គ្មានគ្រាប់មីន ក្នុងគម្រោងសម្តេចតេជាសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ខណៈខេត្តកែប ជាខេត្តទី១ដែលគ្មានមីន និងទី២ខេត្តព្រៃវែង។ នេះបើយោងតាម អង្គភាព មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ រាយការណ៍ជូន លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ 

លោកឧត្តមសេនីយ៍ទោ បានថ្លែងអំណរអរគុណ ដល់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដែលបានសហការយ៉ាងល្អ សម្រួលដល់ការបោសសម្អាតមីន នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាគម្រោងរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីននៅកម្ពុជា ដែលអាជ្ញាធរមីនកម្ពុជា បានផ្តល់អោយ និងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និង កាកសំណល់សង្គ្រាម ដែលនេះជាប្រវត្តិសាស្ត្រមួយ ដែលមិនអាចបំភ្លេចបានឡើយ ។

លោកឧត្តម សែម រតនា ក៏បានសម្តែងនូវការកោតសរសើរចំពោះប្រតិបត្តិករបោសសំអាតមីនទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការសម្រេចការងារកន្លងមក ទោះបីជាត្រូវនៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធ កូនក្តី ធ្វើការក្រោមកំដៅថ្ងៃ ភ្លៀង ខ្យល់ក្ដី ក៏ប្រតិបត្តិករយើងនៅតែបង្ហាញភាពក្លាហាន កម្លាំងមាំមួន មិនត្អូញត្អែរ មិនរុញរានឹងកិច្ចការដែលថ្នាក់លើបានដាក់អោយនោះឡើយ។ 

នេះបញ្ជាក់ឲ្យឃើញពី គំរូវីរៈភាពល្អ ស័ក្តិសមជាយុទ្ធជនឆ្នើមនៃកងយោធពលខេមរភូមិន្ទ ជាក់ស្តែង សម្រាប់កិច្ចការបោសសំអាតមីននៅស្រុកមេមត់នេះ យើងទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីគាប់ចិត្ត និងត្រូវតែបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ មានការប្រុងប្រយ័ត្នអោយបានខ្ពស់ជាទីបំផុត ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ ជៀសឲ្យផុតពីគ្រោះថ្នាក់ ឬភាពមិនប្រក្រតីផ្សេងៗដែលអាចនឹងកើតមានឡើងជាយថាហេតុ និងសូមកុំធ្វេសប្រហែស គ្រប់វិនាទី ដែលអាចបង្កអោយមានវិប្បដិសេរីបាន ។

តមកនារសៀលថ្ងៃលដដែល លោកឧត្តមសេនីយ៍ទោ ព្រមទាំងក្រុមការងារបានបន្តនាំយកនូវទេយ្យទាន ទេយ្យវត្ថុ និង ថវិកាមួយចំនួន ប្រគេនព្រះសង្ឈ វត្តនាគវន្តជាំក្រវៀន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកតា លោកយាយប្រមាណ៤០០នាក់ ក្នុងបរិវេណវត្តនាគវន្តជាំក្រវៀន ស្ថិតនៅភូមិជាំក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានផ្តល់ជូននៅសារ៉ុង និងថវិកាមួយចំនួនផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖