ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ នៃគម្រោងអភិវឌ្ឍន៍ អាជីវកម្មប្រកប ដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក ភូមិ១ផលិតផល១

ចែករំលែក៖

ខេត្តស្វាយរៀង ៖  ផលិតផល ក្នុងស្រុកត្រូវជឿជាក់ថា ជាផលិតផលរបស់ខ្លួនមានគុណភាព និងមាន ស្តង់ដារត្រឹមត្រូវតាមការកំណត់របស់”ភូមិមួយ ផលិតផលមួយ” ពិសេស ត្រូវធានាថា ផលិតផលរបស់ខ្លួនទាំងអស់ ជាផលិតផលក្នុង ស្រុក មិនមែនជាផលិតផលនាំចូលពីខាងក្រៅ។ នេះជាការលើកឡើងរបស់លោក សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញ ចលនា ភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍លើកទឹកចិត្តដល់អ្នកផលិត ក្នុងវេទិកា ផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ នៃគម្រោងអភិវឌ្ឍន៍ អាជីវកម្មប្រកប ដោយសុច្ចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៃខេត្តស្វាយរៀង និង M/MSEs កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ 

  វេទិកានេះមានការអញ្ជើញចូលរួមពីលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងមន្ត្រីដែលពាក់ព័ន្ធនិងម្ចាស់អាជីវកម្មក្នុងខេត្តជាច្រើនរូបទៀត។

  លោក សួង ណយ មានប្រសាសន៍ថា ខេត្ត ស្វាយរៀងមានផលិតផលជាសក្តានុពល៩មុខ ដែលត្រូវចុះបញ្ជី ជូនពលរដ្ឋជាម្ចាស់ផលិតផល ម្ចាស់សិប្បកម្ម និងសហគ្រាស។ ផលិតផលទងនោះរួមមាន ៖

១.ទឹកឃ្មុំព្រៃធម្មជាតិត្រពាំងពិការ ស្ថិតនៅ ក្នុងភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក។

២.ស្រូវស្មាច់ កំពង់រោទិ៍ ស្ថិតនៅ ក្នុង ភូមិឬស្សីអម ឃុំខ្សែត ស្រុកកំពង់រោទិ៍។

៣.បន្លែសុវត្ថិភាព ភូមិក្បាលដំរី ឃុំស្វាយយារ ស្រុកស្វាយជ្រំ។

៤.អំបុកស្រួយឆ្ងាញ់ ភូមិគោកកណ្តាល ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

៥.អំបុក (ស្រីនិច) ភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

៦.ស្ករត្នោតម្សៅ ភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ។

៧.គ្រាប់ធញ្ញជាតិ -អាហារសម្រន់ ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង

៨.កាបូបយួរនិងមួកធ្វើអំពីអញ្ចូត ភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ

៩.ក្រមាភូមិដំណាក់ កន្ទួត ស្ថិតក្នុងភូមិដំណាក់កន្ទូត ឃុំស្វាយយា ស្រុកស្វាយជ្រំ។

   កន្លងមកការចុះបញ្ជីជុំទី១ ខេត្តស្វាយរៀងមានផលិតផលចំនួន៩មុខ ត្រូវបានចុះបញ្ចីរួចហើយ។ការចុះបញ្ជីនេះ ជាការជំរុញឱ្យអ្នកផលិតទាំងអស់ មានទីផ្សារក្នុងការលក់ផលិតផលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។

 លោក អគ្គលេខាធិការរងគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ ក៏បានស្នើដល់សមាជិក ក្រុមការងារភូមិមួយផលិត ផលមួយ ពិសេសប្រជាពលរដ្ឋអ្នកផលិត ទាំងអ្នកបានចុះបញ្ជីរួច និងអ្នកកំពុងដាក់ពាក្យស្នើសុំចុះបញ្ជី ត្រូវបន្តចូលរួមសហការគ្នា ឱ្យបានល្អ និងត្រូវមានភាពស្មោះត្រង់ ព្រមទាំងហ៊ានទទួលខុស ត្រូវ ចំពោះផលិតរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាជំរុញគុណភាព និងទីផ្សារ ផលិតខ្មែរឱ្យកាន់តែប្រសើរ។

   ជាមួយនេះប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម សិប្បកម្ម ដែលបានចូលរួមក្នុង វេទិកានេះ បានបង្ហាញអំពីការយល់ឃើញរបស់ខ្លួនថា ការចុះបញ្ជី ផលិតផលរបស់ខ្លួនក្នុងចលនាភូមិមួយ ផលិតផលមួយ ពិតជា មានសារសំខាន់ និងផ្តល់ផលប្រយោជន៍ច្រើនដល់ក្រុមអ្នកផលិត ដែលជាសមាជិក ។ការចុះបញ្ជីនេះបានធ្វើឱ្យផលិតផលរបស់ខ្លួន មានអ្នកស្គាល់ច្រើន មានទីផ្សារលក់ចេញ ព្រមទាំងមានការ ទទួលស្គាល់ពីគុណភាព។

  ចំណែកឯម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន និងកន្លែងផ្តល់សេវាកម្សាន្ត នានា ដែលបានចូលរួមក្នុងវេទិកានេះដែរ ក៏បានបង្ហាញពីការយល់ ឃើញថា វេទិការនេះពិតជាផ្តល់នូវផលប្រយោជន៍ច្រើន សម្រាប់ពួក គាត់ ដោយវេទិកានេះបាននាំពួកគាត់ដែលជាអ្នកផ្តល់ សេវាកម្មផ្នែក ម្ហូបអាហារ បានជួបផ្ទាល់ជាមួយអ្នកផលិត និងផ្គត់ផ្គង់នូវផលិតផល ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់អាជីវកម្មរបស់ពួកគាត់ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖