ប្រធានរដ្ឋសភារុស្ស៊ី លោក Vyacheslav Volodin បានលើកឡើងថា អឺរ៉ុបនឹងត្រូវខាតបង់ប្រាក់រាប់សិបពាន់លានដុល្លារ ប្រសិនបើអវត្តមានអ្នកទេសចរជនជាតិរុស្ស៊ីនោះ។ លោកបន្តទៀតថា អឺរ៉ុបនឹងបាត់បង់ប្រាក់យ៉ាងតិច ២១ពាន់លានអឺរ៉ូ ដោយសារតែមិនមានអ្នកទេសចររុស្ស៊ីមកកម្សាន្តនៅអឺរ៉ុប។
តាមការប្រកាសរបស់ប្រធានរដ្ឋសភារុស្ស៊ី ដោយផ្អែកតាមការវាយតម្លៃ អឺរ៉ុបនឹងត្រូវបាត់បង់ប្រាក់ចំណូលជាច្រើនដោយសារតែការហាមប្រាមជនជាតិរុស្ស៊ីចូលតំបន់អឺរ៉ុប។ លោក Vyacheslav Volodin បន្តទៀតថា ប្រទេសក្នុងតំបន់អឺរ៉ុប គឺបានដាក់ទណ្ឌកម្មលើខ្លួនឯងផ្ទាល់ ។
លោក Vyacheslav Volodin បញ្ជាក់ទៀតថា មានពលរដ្ឋនៅជុំវិញពិភពលោកដល់ទៅ៨០%មិនគាំទ្រការដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូ ។ ទាំងនោះហើយធ្វើឱ្យអ្នកទេសចររុស្ស៊ីបានទៅកម្សាន្តនៅតំបន់ផ្សេងទៀតក្រៅពីអឺរ៉ុប ក្នុងនោះមានអាស៊ីជាដើម ។
កាលពីដើមខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវដល់ប្រទេសលោកខាងលិច ហាមប្រាមអ្នកទេសចរជនជាតិរុស្ស៊ីចូលក្នុងទឹកដីរបស់ខ្លួន ដោយចាត់ទុកថា ជនជាតិរុស្ស៊ីមានពិភពលោកដាច់ដោយឡែករបស់ខ្លួន៕ ដោយ៖ ធីរីណា
រូបថត ៖ Getty images