ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឆ្មក់បង្រ្កាបកន្លែងលេងល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយដោយឃាត់ខ្លួនមនុស្ស៥នាក់ ឯខ្លះទៀតរត់ចោលម៉ូតូ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឆ្មក់បង្រ្កាបកន្លែងលេងល្បែងសុីសងភ្នាល់ដាក់លុយ(បញ្ជល់មាន់) ដោយរឹបអូសសម្ភារជាវត្ថុតាង និងឃាត់ជនញៀនល្បែងដែលសុទ្ធតែជាមន្រ្តីយោធា និងកងរាជអាវុធហត្ថចំនួន៥នាក់ដើម្បីស្រាវជ្រាវរកម្ចាស់សង្វៀនមកបន្តនីតិវិធី ។

    ករណីសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តពោធិ៍សាត់ឆ្មក់បង្រ្កាបកន្លែងសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយខាងលើនេះ គឺធ្វើឡើងនៅចំណុចព្រៃស្លឹក ស្ថិតក្នុងភូមិជ័យជម្នះ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

    ប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះបង្រ្កាបផ្ទាល់បានបង្ហើបឱ្យដឹងថា ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥នាក់សុទ្ធសឹងជាមន្ត្រីយោធា និងកងរាជអាវុធហត្ថ ត្រូវបានធ្វើការអបរុំតាមការសម្របសម្រួលពីថ្នាក់លើ និងសម្ភារដែលជាវត្ថុតាងមានមាន់ជល់ចំនួន២ក្បាល សង្វៀនបញ្ជល់មាន់ចំនួន៣វង់ ឆ្នាំងដាំទឹកចំនួន១ កន្រ្តកដាក់មាន់ចំនួន២ ធុងស្ពេត្រូ បន្ទះឫស្សីចំនួន៨សន្លឹក ស្បែកជើងចំនួន១០គូ និងម៉ូតូចំនួន២៥គ្រឿង។ល។

     ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ករណីសមត្ថកិច្ចបង្រ្កាបកន្លែងលេងល្បែងសុីសង(បញ្ជន់ជល់)ខាងលើនេះ បាននាំយកសម្ភារជាវត្ថុតាង មធ្យោបាយម៉ូតូ និងមនុស្សទៅការិយាល័យនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី និងងាយស្រួលរកម្ចាស់សង្វៀនចាត់ការបន្តទៀត ៕

ដោយ ៖ ប៉ឹម ពិន


ចែករំលែក៖