ភ្នំពេញ៖ មានករណីផ្ទុះអាវុធមួយបានកើតឡើងបណ្តាលឲ្យជនជាតិចិនបីនាក់បានស្លាប់នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ស្ថិតនៅក្នុងខុនដូ ហ្គោល ក្លាស(Gold CLASS) អគារលេខ៣៥ បន្ទប់លេខ៦០៦ ជាន់ទី៦ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសម្ថកិច្ចបានឲ្យដឹងថា បើយោងតាមការបំភ្លឺ ពីឈ្មោះ HSU YU LIN ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 353594178 (ត្រូវជាមិត្តភិក្ក)បានប្រាប់ឲ្យដឹងថាសពជនរងគ្រោះដែលស្លាប់ទាំងបីនាក់រួមមាន ៖
១/ឈ្មោះ XIAO LING ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិ ចិន ។
២/ ឈ្មោះ AH WEI ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិ ចិន។
៣/ឈ្មោះAH HONG ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិ ចិន ។ សពជនរងគ្រោះទាំងបីនាក់គ្មានលិខិតឆ្លងដែននោះទេ។
ចំណែកវត្ថុតាងដែលនៅកន្លែងកើតហេតុរួមមាន ៖
១. អាវុធខ្លី ម៉ាក Glock 19 ពណ៌ស្ករចំនួន០១ដើម ។
២. បង់ចំនួន០២ គ្រាប់ចំនួន៤១គ្រាប់ ។
៣. គ្រឿងញៀនប្រភេទ កេតាមីន ចំនួន៤៣.៦៧ក្រាម ។
៤. ទូរស័ព្ទ០១គ្រឿង ពណ៌ខ្មៅ។
បច្ចុប្បន្នក្រុមគ្រូពេទ្យកោសល្យវិច័យ និងការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនទាន់សន្និដ្ឋានបានថាមកពីមូលហេតុអ្វីនោះទេ ហើយគណៈកម្មការចម្រុះកំពុងបន្តនីតិវិធី សពក្រោយពីធ្វើកោសល្យវិច័យរួចសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លា ៕
ដោយ៖ និនសុភ័ស្ត