ព័ត៌មានទាន់ហេតុការណ៍៖

Barcelona និង Real Madrid ទទួលបានជ័យជម្នះដូចគ្នានៅ La Liga សប្តាហ៍ទី៣

ចែករំលែក៖

ខ្សែប្រយុទ្ធ Robert Lewandowski រកបាន២គ្រាប់ជាលើកទី២ក្នុងការប្រកួតឲ្យ Barcelona ខណៈដែលក្រុមរបស់លោក Xavi ឈានទៅរកជ័យជម្នះលើក្រុមភ្ញៀវ Valladolid ក្នុងលទ្ធផល៤ទល់០។ ចំណែកក្រុមអធិរាជស Real Madrid បន្តភាពមិនដែលចាញ់ខ្លួន ដោយយកឈ្នះក្រុមម្ចាស់ផ្ទះ Espanyol ក្នុងលទ្ធផល៣ទល់១។

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​ Robert Lewandowski បាន​រួមសហការគ្នាយ៉ាងល្អ​ជាមួយកីឡាករ Raphinha សម្រាប់​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បើក​ឆាក​នៅ​នាទី​ទី២៤ និង​ស៊ុត​បាល់​បញ្ចូល​ទី១គ្រាប់ទៀតនៅតង់ទី២។ ខ្សែបម្រើវ័យក្មេង Pedri ក៏បានស៊ុតបញ្ចូលទីនៅតង់ទី១ដែរគឺនៅនាទីទី៤៣ ហើយ Sergi Roberto បានបន្ថែមគ្រាប់ទី៤នៅចុងម៉ោង។ វា​ជា​ការ​ប្រកួត​ដ៏សំខាន់​មួយ​សម្រាប់ Barcelona ដើម្បីប្រជែងយកតំណែង Top 3 ក្នុងសប្តាហ៍ទី៣នៅ La Liga នេះ។

អ្នកចាត់ការក្លិប Barcelona លោក Xavi បានជ្រើសរើសផ្លាស់ប្តូរ Ousmane Dembele និង Raphinha នៅលើខ្សែប្រយុទ្ធស្លាប ខណៈដែល Dembele បានជួយ Pedri សម្រាប់ការរកគ្រាប់បាល់នៅតង់ទី២។ក្រុម Valladolid បានព្យាយាមវាយបកវិញ ដោយមានឱកាសពីប្រធានក្រុម Roque Mesa ប៉ុន្តែក្រុមនេះនៅតែមិនអាចស្វែងរកគ្រាប់បាល់បានដដែល។

Barcelona ដណ្តើម​បាន​ភាព​រឹងមាំ​របស់​ខ្លួន​ឡើង​វិញ ហើយ Lewandowski ធ្វើ​បាន​សម្រេច​បាន​លទ្ធផល ៣-០ នៅ​នាទី៦៤។បន្ទាប់មកកីឡាករ Sergi Roberto បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅម៉ោងបន្ថែមនៅនាទីទី៩០+២។

ចំណែកខ្សែប្រយុទ្ធ Karim Benzema រកបាន២គ្រាប់នៅចុងម៉ោង ខណៈដែលម្ចាស់ជើងឯក La Liga អធិរាជស Real Madrid បានយកឈ្នះ Espanyol ក្នុងលទ្ធផល៣ទល់១។ គ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Vinicius Jr បានជួយឱ្យ Real Madrid នាំមុខដោយការបញ្ជូនបាល់យ៉ាងល្អពីកីឡាករវ័យក្មេង Aurelien Tchouameni ។

នៅចុងតង់ទី១ កីឡាករ Joselu បាន​តាម​ស្មើ​ជាមួយ​នឹង​ការស៊ុតបាល់បញ្ចូលទី​បន្ទាប់​ពីអ្នកចាំទី Thibaut Courtois ជួយ​សង្គ្រោះ​បាល់មិនបានធ្វើឲ្យចប់តង់ទី១ ក្រុម Espanyol តាមស្មើ១ទល់១ជាមួយ Real Madrid ។

ចូលដល់តង់ទី២ ក្រុម Real Madrid បានព្យាយាមដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះនៅចុងម៉ោង ហើយនៅនាទីទី៨៨ ខ្សែប្រយុទ្ធ Benzema បានស៊ុតបាល់បញ្ចូលទីដោយការបញ្ជូនបាល់របស់ Rodrygo ដើម្បីឱ្យ Real Madrid នាំមុខ ហើយគាត់បានបន្ថែម១គ្រាប់ជាគ្រាប់ទី៣ពីការស៊ុតបាល់ពិន័យ Free-kick យ៉ាងល្អនៅនាទីទី៩០+១០។

ក្រុមការពារជើងឯក Real Madrid បានឈ្នះការប្រកួតបើកឆាកចំនួន៣ប្រកួតរបស់ក្រុមនេះនៃរដូវកាល La Liga ២០២២-២០២៣ឈរលេខ១បណ្តោះអាសន្ន ខណៈដែលក្រុម Barcelona ឈរលេខ៣ ដោយ៣ប្រកួតកន្លងមកគឺឈ្នះ២ និងស្មើ១ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/CNA)


ចែករំលែក៖