ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបើករថយន្តបុកគំនរកម្ទេចថ្មក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បើករថយន្តលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុកគំនរកម្ទេចថ្មបណ្តាលឱ្យក្រឡាប់រថយន្តផ្ងារជើងឡើងលើ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់បានបើករថយន្តម៉ាកតូយូ៉តាព្រូសពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BD-0600 បើកបរតាមបណ្ដោយផ្លូវព្រះសុធារស ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកគំនរកម្ទេចថ្មបណ្ដាលឱ្យក្រឡាប់ផ្ងារជើង។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍បានចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖