ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារសត្វពស់វារឡើងហ្វុយស៊ីបខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បណ្តាលឱ្យដាច់ចរន្តអគ្គិសនី​នៅតាមតំបន់ក្នុងរាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​អគ្គិសនីកម្ពុជា​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៣ (GS53-F4) កាលពីវេលាម៉ោង​ ១១និង​៥៣នាទី​ព្រឹក​ថ្ងៃទី២៩ ខែសីហានេះ មូលហេតុដោយសារមានសត្វពស់វារឡើងហ្វុយស៊ីបខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។ 

ប្រភពដដែលបន្តថា​ ការដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញស្ថិតនៅចំណុច៖ ទី១,​ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ និងទី២, សង្កាត់ទឹកថ្លា សង្កាត់គោកឃ្លាង និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។

សូមជម្រាបដែរថា​ អគ្គិសនីកម្ពុជា កាលពីព្រឹកមិញនេះ​ ក៏សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១០ (GS1-F7&F16) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់កន្ទោក និងសង្កាត់កំបូល ខណ្ឌកំបូល (២) សង្កាត់ត្រពាំងក្រសាំង និងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (៣)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ 

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដោយ​៖សហការី​


ចែករំលែក៖