ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង រវាងម៉ូតូនឹងរថយន្តដឹកដីបណ្តាលឱ្យស្លាប់ទាំងឪពុកនិងកូនប្រុសម្នាក់ ខណៈកំពុងបេីកម៉ូតូឌុបកូនប្រុសចេញពីសាលារៀនត្រឡប់ទៅផ្ទះវិញ កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២ នៅចំណុចចំណោតផ្លូវរោងចក្រទឹកកក ម្តុំអូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើយោងតាមការបញ្ជាក់ពីសាក្សីដែលឃើញហេតុការណ៍ខាងលេីនេះបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-4500 បើកបរដោយបុរសម្នាក់មានទិសដៅពីផ្លូវជាតិលេខ៤ឆ្ពោះទៅអូរ៣ លុះមកដល់ចំណុចកើតហេតុរថយន្តជាន់ហ្វ្រ័ងមិនសុីសង្ស័យដាច់ហ្វ្រ័ង ក៏បានបុកគ្នាចំពីមុខជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក Zoomer-x ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ1G-7537 យ៉ាងពេញទំហឹងបណ្តាលឱ្យបុរសជាឪពុកស្លាប់ និងកូនប្រុសម្នាក់ស្លាប់ដូចគ្នា ។ចំណែកតៃកុងរថយន្តបានរងរបួសមធ្យម ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ដោយឡែកជុំវិញករណីនេះដែរមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុបានឱ្យដឹងថា សពជនរងគ្រោះដែលជាឪពុកមានឋានន្តរស័ក្តិជា អនុសេនីយ៍ឯក ឈ្មោះប៊ួ រតនា អត្ថលេខ ៨១៦៦៩ មានតួនាទី នាយផ្នែកហ្វឹកហ្វឺន ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ ចំណែកសពកូនប្រុសមានឈ្មោះ គីន រៀនថ្នាក់ទី១ភាគ២ ភាសាចិន នៃសាលាកាងហ៊ួ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។
ក្រោយកេីតហេតុនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះជួយសម្រួលចរាចរណ៍ និងស្ទួចយកវត្ថុតាងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយបន្តនៅពេលក្រោយ។ រីឯសពជនរងគ្រោះទាំងពីរនាក់ បានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សហការី