ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសង្ស័យពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្ស។
តាមសមត្ថកិច្ចគ្រាន់តែឲ្យដឹងថា រថយន្តតាក់សុីមួយគ្រឿង ម៉ាកឡិចសុីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3009 អ្នកបើកបរជនជាតិខ្មែរ ដឹកជនជាតិចិនចំនួន៤នាក់ សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស នៅក្រុងព្រះសីហនុ បានបើកចេញពីក្រុងព្រះសីហនុ ឆ្ពោះចូលរាជធានីភ្នំពេញ ហើយបានប្រកាសផ្សព្វផ្សាយឲ្យកងកម្លាំងសមត្ថកិច្ច បណ្តាខេត្ត ក្រុង ស្ទាក់ចាប់ឃាត់ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តភិនភាគខាងលើ ត្រូវបានកម្លាំងស្នងការខេត្តកំពង់ស្ពឺហៅឃាត់ដែរតែមិនឈប់ ព្យាយាមបន្តបើកគេចរហូត លុះដល់ចំណុចភ្លើងស្តុបជម្ពូវ័ន ផ្លូវជាតិលេខ៤ ទើបកម្លាំងនគរបាលចរាចរក្រុងភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យស្ទាក់ឃាត់បានរថយន្តមួយគ្រឿងខាងលើមានដឹកជនជាតិចិនចំនួន៤នាក់ ។
បន្ទាប់ពីឃាត់បានរថយន្តតាក់សុីមួយគ្រឿងខាងលើ រួមជាមួយជនជាតិចិនចំនួន៤នាក់ សមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រង់ចាំខាងនាយកដ្ឋានប្រឆាំង និងការពារការជួញដូរមនុស្ស នាំយកទៅសាកសួរបន្តតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ