ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងច្នៃ ប្រើហ្គាស ចំនួន០៨ដើម ត្រូវកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំសាលាវិស័យដកហូត

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាលាវិស័យ បានធ្វើការដកហូតអាវុធកែច្នៃខុសច្បាប់ប្រភេទកាំភ្លើងប្រើហ្គាស បាញ់គ្រាប់កង់ ពីប្រជាពលរដ្ឋបានចំនួន០៨ដើម។  

ការដកហូតនេះនាឱកាសប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសាលាវិស័យ បានចុះទៅផ្សព្វផ្សាយ ស្តីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច ដល់លំនៅដ្ឋានប្រជាពលរដ្ឋ រស់នៅភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

លោក វរសេនីយ៍ត្រី ហង្ស ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យបានឲ្យដឹងថាកន្លងមកប៉ុស្តិ៍នគរបាលធ្លាប់បានធ្វើការដកហូតអាវុធកែច្នៃខុសច្បាប់គ្រប់ប្រភេទបានជាង ២៥០ដើម រួចមកហើយ ក្នុងនោះមានដូចជា៖ ប្រភេទកាំភ្លើងកាប៊ីន,ប្រភេទកាំភ្លើងខ្យល់ ប្រភេទដង្ហក់ ,រួមទាំងឧបករណ៍ឆក់ត្រីខុសច្បាប់មួយចំនួនផងដែរ។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលបានប្រើប្រាស់កាំភ្លើងនេះត្រូវបានធ្វើការណែនាំ និងកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ និងឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

លោកវរសេនីយ៍ត្រី ហង្ស ឡែម បានសំណូមពរដល់ប្រជាពលរដ្ឋ ទូទៅពិសេសប្រជាពលរដ្ឋក្នុងឃុំសាលាវិស័យទាំងមូល សូមកុំឱ្យមានការផលិត ការចែកចាយ និងការប្រើប្រាស់នូវអាវុធកែច្នៃខុសច្បាប់គ្រប់ប្រភេទដើម្បីរួមគ្នាកាត់បន្ថយបទល្មើសគ្រប់ប្រភេទជាពិសេសដើម្បីភូមិឃុំមានសុវត្ថិភាព ៕

ដោយ៖ កែវ មន្នី


ចែករំលែក៖