ខេត្តពោធិ៍សាត់ ៖ បុរស៣នាក់បានរងរបួសរយះសាច់ហូរឈាមស្រោចពេញខ្លួន ក្រោមកណ្ដាប់ដៃបុរសម្នាក់បានប្រើកាំបិតចិញ្រ្ចាំដំឡូងមីកាប់មកលើពួកគេ បន្ទាប់ផឹកសុីស្រវឹងហើយប៉ះទង្គិចពាក្យសម្ដីគ្នា។
ហេតុការណ៍ហិង្សាដោយចេតនារហូតដល់បង្ហូរឈាមគ្នានេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១០ និង៤៣នាទីយប់ ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ជនរងរបួសទាំង៣នាក់នោះត្រូវបានគេស្គាល់ ទី១-ឈ្មោះ នួន ធីម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បានរងរបួសថ្ពាល់ខាងស្ដាំ និងដៃខាងស្ដាំ, ទី២-ឈ្មោះ នួន ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បានរងរបួសថ្ពាល់ខាងឆ្វេង និងប្រអប់ដៃខាងស្ដាំ និងទី៣-ឈ្មោះ សែម ឡុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បានរងរបួសចិញ្ចើមខាងស្ដាំ និងភ្លៅខាងស្ដាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅមណ្ឌលសុខភាពអន្លង់រាប ហើយអ្នកទាំង៣នាក់នេះរស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ចំណែកជនដៃដល់ឈ្មោះ វឿន ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់(កន្លែងកើតហេតុ)។ ជនដៃដល់(វឿន ឆៃ)បានប្រើប្រាស់កាំបិតចិញ្រ្ចាំដំឡូងមីជាអាវុធ កាប់ទៅលើជនរងគ្រោះទាំង៣នាក់។
បច្ចុប្បន្ននគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែងកំពុងកសាងសំណុំរឿង បន្ទាប់ពីសួរនាំជនសង្ស័យបានឆ្លើយថាមកពីមានទំនាស់ពាក្យសម្ដីគ្នាខណៈកំពុងផឹកសុីស្រវឹងរៀងៗខ្លួន។
នេះបើយោងតាមរបាយការណ៍ជាបឋមរបស់មន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកវាលវែង ដែលយើងទទួលបាននាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ៕
ដោយ៖ ប៉ឹម ពិន