ខេត្តស្វាយរៀង៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងស្វាយរៀង បានថ្លែងថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងក៏ដូចជាក្នុងនាមអាជ្ញាធរ សូមលើកទឹកចិត្តដល់វិស័យវិនិយោគឯកជនទាំងអស់នៅខេត្តស្វាយរៀង ដែលមានបំណងចង់វិនិយោគលើវិស័យអចលនទ្រព្យមានដីធ្លី ផ្ទះល្វែងដែលមានតម្លៃសមរម្យ នៅក្រុងស្វាយរៀង ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង។
ការថ្លែងបែបនេះរបស់លោក ជុក មុន្នី បានធ្វើឡើងនៅក្នុងពិធីក្រុងពាលីសុំទឹក សុំដី សុំជោគ សុំជ័យ សិរីសួស្តី ក្នុងការបុកគ្រឹះសាងសង់ផ្ទះល្វែងស្ថិតភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាថ្ងៃទី២៩ខែសីហាឆ្នាំ២០២២។
លោក ជុក មុន្នី បានបន្តថា អាជ្ញាធរតែងតែជំរុញ និងសហការ ក្នុងការផ្តល់ទំនុកចិត្ត ចំពោះការអភិវឌ្ឍហើយរាល់ការវិនិយោគ វិស័យឯកជន ពិតជាបានរួមចំណែក នូវគោលនយោបាយ កាត់បន្ថយភាពក្រីក្រី ជាមួយរាជរដ្ឋាភិបាល បានមួយកម្រិត ដូចជា បានផ្តល់នូវលំនៅឋានមានតម្លៃសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ។
លោក រៀម សុីណា ដែលជាម្ចាស់គម្រោងផ្ទះល្វែង បានបន្តថា ការសាងសង់ផ្ទះល្វែងនេះមិនមែនសាងសង់សម្រាប់ធ្វើអាជីវកម្មទេ គឺជាការចែករំលែក និងផ្សព្វផ្សាយកេរ្ត៍ឈ្មោះនៃគម្រោង អ្វីដែលគម្រោងយើងគិត គឺទៅលើក្តីសុបិន្ត និងគោលដៅរបស់អតិថិជន ប្រកបដោយសុខដុមរមនា ឬប្រកបអាជីវកម្មទទួលបាននូវភាពជោគជ័យ សំខាន់គឺផ្តល់នូវតម្លៃសមរម្យ និងលក្ខខ័ណ្ឌងាយៗជូនចំពោះអតិថិជនសម្រាប់ជាការរស់នៅ ការធ្វើអាជីវកម្ម និងការទិញទុកចំណេញ។
លោកបានបន្ថែមថា ចំពោះផ្ទះល្វែងនេះ អតិថិជនអាចចំណេញបាន២ដង គឺចំណេញពេលទិញ និងចំណេញពេលលក់(នេះសម្រាប់បងប្អូនដែលរកស៊ីលើវិស័យអចលនទ្រព្យ)។
លោកបានលើកឡើងចំនួន៣ចំណុចសំខាន់ ទី១៖ ទីតាំងដែលមានសត្តានុពលមានស្រាប់ មានដូចជាផ្លូវ អគ្គិសនី និងទឹកស្អាត ទី២៖ គុណភាពសំណង់ សម្រាប់គម្រោងផ្ទះល្វែងនេះគូសប្លង់ និងតាមដានការសាងសង់ដោយវិស្វករ និងស្ថាបត្យកម្ម ដែលមានជំនាញច្បាស់លាស់ដែលកំពុងធ្វើការនៅក្នុងស្ថាប័នរដ្ឋ ទី៣៖ រយៈពេលសាងសង់ចន្លោះចាប់ពី៤ខែ ទៅ៦ខែតែប៉ុណ្ណោះ ៕
ដោយ៖ សុថាន