ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនមន្ត្រីយោធាម្នាក់ទៅតុលាការរឿងបាញ់ប្រពន្ធមានសាហាយនៅខ្ទមចម្ការធ្លាយពោះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មន្ត្រីយោធាម្នាក់នៅរសៀលថ្ងៃទី ២៩ខែ សីហា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការដោយសារតាមទាន់ប្រពន្ធកំពុងមានសាហាយនៅខ្ទមចម្ការកើតមានចិត្តខឹងក៏បានដកកាំភ្លើងខ្លីK៥៤បាញ់ចំនួន១គ្រាប់ធ្វើឱ្យប្រពន្ធរងរបួសធ្លាយពោះខាងឆ្វេងដល់ភ្លៅខាងឆ្វេងរងរបួសយ៉ាងធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី ២៦ខែសីហាឆ្នាំ២០២២នៅចំណុចខ្ទមចម្ការ ស្ថិតក្នុងភូមិផាបាំង ឃុំថ្មកែវស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យជាប្ដីដែលបាញ់ទៅលើប្រពន្ធមានឈ្មោះ វ៉ៃ ឆោម ភេទប្រុសអាយុ៧១ឆ្នាំមុខរបរយោធាបម្រើការងារនៅវីរៈ ៣៨២នៃកងពលធំអន្តរាគមន៍លេខ៣មានស្រុក កំណើតនៅភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្ត ព្រៃវែង។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះពាន បូវៀន អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករបច្ចុប្បន្នអ្នកទាំងពីររស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

របាយការណ៍សមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុមានអំពើហិង្សាលើប្រពន្ធដោយសារប្ដីតាម ទាន់ប្រពន្ធនៅជាមួយសាហាយនៅលើខ្ទមចម្ការ។ ក្រោយបាញ់ប្រហារទៅលើប្រពន្ធចំនួន១គ្រាប់ចំពោះធ្លាយមកចំភ្លៅខាងឆ្វេង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់និងបានបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារមានសភាពធ្ងន់ធ្ងរបានបន្តបញ្ជូនទៅកាន់មន្ទីរពេទ្យសៀមរាប។

ក្នុងរបាយការណ៍បញ្ជាក់ទៀតថា ក្រោយកើតហេតុជនបង្កជាប្ដីមិនបានរត់គេចខ្លួននោះទេ ដោយបានមកសារភាពប្រគល់ខ្លួននឹងប្រគល់កាំភ្លើងខ្លីK 54 លេខសម្គាល់ 13 60 ជូនអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងដើម្បីចាត់ការតាមច្បាប់។

នៅថ្ងៃទី២៩ខែសីហាកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមនឹងវត្ថុតាងកាំភ្លើងខ្លីមួយដើមទៅកាន់តុលាការខេត្តស្ទឹងត្រែងដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖