ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មការិនីចំនួន៨នាក់ដែរបានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ព្រោះតែរថយន្តដឹកកម្មករបត់ឆ្វេងមិនប្រយត្ន័ក៏ជ្រុលទៅបុកជាមួយរថយន្តTacomaដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតក្នុងភូមិ ថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា កម្មករដែលរងរបួសមានទី១-ឈ្មោះឥន សម្បត្តិ ភេទស្រី អាយុ៤១ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ តារាងបាល់ សង្កាត់គយត្របែក ក្រុង/ខេត្តស្វាយរៀង។ ទី២-ឈ្មោះ អន សុផល្លី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសង្កាត់ជាមួយគ្នា។
ទី៣-ឈ្មោះ ខាត់ រ៉ា ភេទស្រី អាយុ៣៨ ឆ្នាំ រស់នៅភូមិ/ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។ទី៤-ឈ្មោះកិ សុផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសង្កាត់ជាមួយគ្នា រងរបួសស្រាល។ទី៥-ឈ្មោះ លាវ ស្រី ពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ បាយាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង រងរបួសស្រាល។ ទី៦-ឈ្មោះ ទុំ ភត្រ្តា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិពោធិ៍រស់ ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល ។ ទី៧-ឈ្មោះ សូ ឡេងសុីនិត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិសាលារៀន ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល និងទី៨-ឈ្មោះ ម៉ុក សំណាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិសាលារៀន ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសស្រាល ។
ចំណែកអ្នកបើករថយន្តដឹកកម្មករបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្ដម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣D-១១០៤ខូចខាតទាំងស្រុង។
ចំពោះភាគីរថយន្តម្ខាងទៀតមានឈ្មោះ SHU GUOQIANG ភេទ ប្រុស អាយុ៤៩ឆ្នាំ មុខរបរបើកបរ ជនជាតិចិន រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្ត ស្វាយរៀង មិនមានរងរបួសនោះទេ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុរថយន្តដឹកកម្មករម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣D- ១១០៤ដោយមានផ្ទុកកម្មករកម្មការិនីជាច្រើននាក់បានធ្វើដំណើរពីកើតទៅលិច ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ទៅបុកជាមួយរថយន្ដមួយគ្រឿងទៀតម៉ាកTacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២B-៨៥៩១ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករបួសត្រូវបានសមត្ថកិច្ចដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងធ្វើការវាស់វែងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយបន្តតាមច្បាប់៕
ដោយ៖ សុថាន