ខេត្តបន្ទាយមានជ័យ៖ សិស្សានុសិស្សចំនួន ១០០ នាក់មកពីសាលារៀនចំនួន០៣ ក្នុងឃុំតាឡំ ស្រុកមង្គលបូរីទទួលសម្ភារសិក្សាពីលោកអភិបាលខេត្ត នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោក នោ ហ្យង់ជូន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា(KOICA)លោក អុឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងលោក ស៊ុន រ៉ាវឿន តំណាងប្រធានក្រុមហ៊ុនហុីយ៉ាន់ដាយ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងចែកអំណោយដល់សិស្សានុសិស្សចំនួន ១០០នាក់ និងសាលារៀនចំនួន០៣ សាលា ក្នុងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អំណោយឧបត្ថម្ភរបស់ KOICA និងក្រុមហ៊ុន ហុីយ៉ាន់ដាយ បាននាំយកមកចែកជូនសិស្សានុសិស្សក្រីក្រតស៊ូរៀនសូត្រចំនួន ១០០នាក់ មកពីសាលាបឋមសិក្សាតាឡំ សាលាបឋមសិក្សាចុងគោក និងសាលាបឋមសិក្សាព្រះស្រែ សម្ភារអំណោយចែកជូនរួមមាន ៖ កង់១០០ កាបូបសិស្ស១០០ សៀវភៅ ៥០០ក្បាល ប៊ិច ១០០ដើម ថ្នាំដុសធ្មេញ ១០០ ច្រាស់ដុសធ្មេញ ១០០ សៀវភៅរឿងនិទានផ្សេងៗ ១០០ក្បាល វចនានុក្រមសម្តេចជួនណាត ៣ក្បាល ភូគោល៣ និងម៉ូទ័របូមទឹក ១សម្រាប់ស្រោចកូនឈើ ដែលត្រូវដាំចប់កម្មវិធី ២៥០ដើម ៕
ដោយ ៖ វណ្ណា