ខេត្តព្រះសីហនុ៖ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
តាមអនុក្រឹត្យលេខ៦៣៩អនក្រ.តត ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេច ផ្ទេរភារកិច្ចមន្ត្រីរាជការ០២រូបឱ្យកាន់មុខ តំណែងជាអភិបាលស្រុក ខេត្តព្រះសីហនុ លោក ឆាយ សុគន្ធដា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ពីអភិបាល នៃគណ:អភិបាលស្រុកស្ទឹងហាវ ទៅជាអភិបាល នៃគណ:អភបាលស្រុកកំពង់សីលា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍សំណេះសំណាល តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់អាជ្ញាធរស្រុក បំពេញការងារដោយទំនួលខុសត្រូវ និងទទួលបានសមិទ្ធផលជាច្រើនក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដូច្នេះយើងត្រូវរួមគ្នាសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ ហើយអ្វីដែលសំខាន់ គឺការរៀបចំផែនការអភិវឌ្ឍ៥ឆ្នាំរបស់ខ្លួន សម្រាប់ការអភិវឌ្ឍមូលដ្ឋាន និងបំរើប្រជាពលរដ្ឋ បន្តបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយបញ្ហាទាន់ពេលវេលា។ ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលមានស្មៀនជាសេនាធិការបំរើសេវារដ្ឋបាលសាធារណៈនិងរៀបចំផែនការអភិវឌ្ឍរយ:ពេល៥ឆ្នាំរបស់ខ្លួន។
ម្យ៉ាងទៀតការជ្រើសរើសជំនួយការរដ្ឋបាលឃុំសង្កាត់ គឺដើម្បីបង្កើនការទទួលខុសត្រូវសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរប្រជាពលរដ្ឋ។ ចំពោះការងារសន្តិសុខ និងការអភិវឌ្ឍ រួមគ្នាបង្កាទប់ស្កាត់បញ្ហាគ្រឿងញៀនខុសច្បាប់ បង្កគ្រោះថ្នាក់ក្នុងសហគមន៍ ព្រោះគ្រឿងញៀនវាបានបំផ្លាញលុយកាក់ បំផ្លាញសុខភាព និងបង្កអំពើហឹង្សាក្នុងគ្រួសារជាដើម។ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ រដ្ឋបាលខេត្ត បានដាក់ឱ្យដំណើរការយន្តការច្រកចេញចូលនៅតាមឃុំសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយអំពើពុករលួយ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ។ យើងជាមន្ត្រីជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន និងធានាគុណភាព។
លោកអភិបាលខេត្តបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ខាងមុខ យើងនឹងពង្រាយសមិទ្ធផលអភិវឌ្ឍតាមឃុំ-សង្កាត់នីមួយៗ ០១គម្រោង បន្ថែមលើគម្រោងឃុំសង្កាត់។ ចំណែកការងារសង្គម ក៏ជាតម្រូវការចាំបាច់យើងជាមន្ត្រីប្រៀបដូចជាទូក រីឯប្រជាពលរដ្ឋដូចជាទឹកដូច្នេះត្រូវខំបំរើការងារ និងឈ្វេងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ជាតម្រូវការចាំបាច់ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ និងថែរក្សាអនាម័យ បរិស្ថាន ដោយមានការចូលរួមពីមហាជន៕
ដោយ៖សហការី