ខេត្តសៀមរាប ៖ រដ្ឋបាលឃុំត្បែងចេញលិខិតឆ្លើយតបចំពោះសេចក្តីជូនដំណឹងអំពីកម្មវិធីជួបជុំសមាជិករបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងបដិសេធមិនអនុញ្ញាតឱ្យមានការរៀបចំ ដោយសំអាងនៅលើមូលដ្ឋានច្បាប់ដូចខាងក្រោម៖
– លិខិតជូនដំណឹងនេះកើតឡើងនៅក្រោយមានការជួបជុំប្រារព្ធពិធី
– ទីកន្លែងជួបជុំនិងស្នាក់នៅមានសភាពមិនសមស្រប មានមនុស្សច្រើនចង្អៀតណែនតាន់តាប់ ដែលបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងការរីករាលដាលនៃជំងឺកូវីដ១៩
– មានការចូលរួមពីអនីតិជនអាយុក្រោម១៨ឆ្នាំ ផ្ទុយពីការខ្លឹមសារនៃសេក្តីជូនដំណឹង ដែលថាជាការជួបជុំរបស់សមាជិកគណបក្ស
– រដ្ឋបាលខេត្តសៀមរាបបានចេញលិខិតណែនាំឱ្យបញ្ឈប់សកម្មភាពប្រមូលផ្តុំ និងរំសាយការជួបជុំ ត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤:០០យប់។ នេះបើយោងតាមការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
លោក ឃឹម ហ្វីណង់ បានបន្តថា, រដ្ឋបាលឃុំត្បែងបានណែនាំបន្ថែមឱ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំទៅក្រសួងមហាផ្ទៃ ប្រសិនបើនៅតែបន្តចង់រៀបចំការជួបជុំសមាជិកបក្សរបស់ខ្លួន ៕
ដោយ ៖ សិលា