ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ក្រុងពាលីតាមបែបសាសនា មុននឹងចាប់ដំណើរការ សាងសង់ស្ពានអាកាស២កន្លែងបន្ថែម នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានចូលរួម ពិធីសែនក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចំរើនពីម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាភូមិករ បើកការដ្ឋានសាងសង់ ស្ពានអាកាសពីរកន្លែងព្រមគ្នា នៅចំណុចប្រសព្វផ្លូវ៦០ ម៉ែត្រ ក្បាលថ្នល់ និងតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សុី ត្រង់ចំណុចប្រសព្វ ផ្លូវ២០០៤ ។ ពិធីក្រុងពាលីនេះបានប្រពឹត្ដទៅនៅរសៀលថ្ងៃទី៣០ សីហា ២០២២។ 

      តាមប្រពៃណីព្រះពុទ្ធសាសនាមុននឹងមានការសាងសង់សំណង់អ្វីមួយ ឬ សម្ភោធសមិទ្ធផលណាមួយដែលទើបបានសាងសង់រួច គេតែងប្រារព្វពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី និងជូនដំណឹងដល់អ្នកថែរក្សាទឹកដីនោះសុំជួយបី បាច់ថែរក្សាឱ្យដំណើរការនៃការសាងសង់នោះសម្រេចបានជោគជ័យប្រកប ដោយសុវត្ថិភាព និងរីកចំរើនជារៀងរហូតទៅ។

ពិធីក្រុងពាលីនេះធ្វើឡើងមុនមួយថ្ងៃមុននឹងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស២កន្លែងព្រមគ្នាបន្ថែមទៀតក្នុងរាជធានីភ្នំពេញគឺនៅព្រឹកថ្ងៃទី៣១សីហាដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានអាកាសទាំង២កន្លែងនេះរួមមានទី១នៅត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងមហាវិថីព្រះមុន្នីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១)។ទី២៖ត្រង់ចំណុចប្រសព្វមហាវិថីសហពន្ធ័រុស្ស៊ី ជាមួយនឹងវិថីសម្តេចចៅហ្វាវាំងវរៈវៀងជ័យធិបតីស្រឹង្គារគង់សំអុល(ផ្លូវ២០០៤)។នេះជាសមិទ្ធផលថ្មីបន្ថែមទៀតដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខក្នុងរាជធានីភ្នំពេញ  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ បំរើអោយសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍,គ្រោះថ្នាក់ចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញដែលមានការកើនឡើងទាំងចំនួនមនុស្ស និងមធ្យោបាយធ្វើ ដំណើរ។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសុំការយោគយល់អធ្យាស្រ័យពីអ្នកធ្វើដំណើរតាមដងផ្លូវដែលត្រូវប្រារព្វពិធីនៅពេលដែលរដ្ឋបាល រាជធានីភ្នំពេញបានសម្រេចបិទចរាចរជាបណ្តោះអាសន្នដើម្បីបង្កឱកាសក្នុងការប្រារព្វពិធីប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អ ប្រសើរ ហើយនៅពេលពិធីចប់ ចរាចរនឹងត្រូវបើកដំណើរការឡើងវិញជាធម្មតា៕ 

 

ដោយ ៖ សំរិត


ចែករំលែក៖