ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជេីញថ្លែងសុន្ទរកថា វេទិកា​កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងភេរវកម្ម របស់កងកម្លាំង​ប្រឆាំង​ភេរវកម្មលេីសកលលោក

ចែករំលែក៖

 ភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំអាគារ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមប្រជុំ​និងថ្លែងសុន្ទរកថា ក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំង​ភេរវកម្មរបស់កងកម្លាំងប្រឆាំងភេរវកម្មលេីសកលលោក  ដែលរៀបចំ​ឡើង​ដោយកងកម្លាំងប៉ូលីសប្រដាប់អាវុធចិន តាមប្រព័ន្ធ Zoom មានការចូលរួមពីបណ្ដាប្រទេសផ្សេងៗទៀតលើពិភពលោក។ 

សូមបញ្ជាក់ថា, បន្ទាប់ពីកិច្ចប្រជុំចប់ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានពិភាក្សា​ការងារជាមួយលោកវរសេនីយ៍ឯកពិសេស Tang Hao ប្រធាន​ការិយាល័យ​អនុព័ន្ធយោធាសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំ​នៅកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងរាជអាវុធហត្ថ​និងយោធាចិន។

ដោយឡែក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅចូលរួមសន្និសីទ GML (សន្តិសុខ និងការពារជាតិឆ្នាំ២០២២) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ 

នៅឯទីក្រុងវៀងចន្ទន៍, ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញជួបសម្តែងការគួរសមជាមួយ លោកនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតឡាវ ៕

ដោយ ៖ សិលា


ចែករំលែក៖