ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពញា​ចក្រី​ ហេង​ សំរិន​ ផ្ញើលិខិតជូនលោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិ

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ​ពុធ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានផ្ញើលិខិតជូនលោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសខួបលើកទី៧៧ នៃទិវាបុណ្យឯករាជ្យជាតិ។

នៅក្នុង​លិខិត​របស់​សម្ដេច​ចក្រី​ ហេង​ សំរិន​ បានបញ្ជាក់ថា​ តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សយ៉ាងក្រៃលែង ក្នុងមនោសញ្ចេតនាដ៏កក់ក្ដៅនិងស្និទ្ធស្នាលបំផុត ជូនចំពោះ លោក ង្វៀង ឌីញ ហ្វ ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងបក្ស រដ្ឋ និងប្រជាជនវៀតណាមទាំងមូល ក្នុងឱកាសខួបលើកទី៧៧ ទិវា បុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម(០២/០៩/១៩៥៤-០២/០៩/២០២២)។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេច​ចក្រី​ ហេង​ សំរិន​ សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលជាច្រើនឥតគណនា ដែលបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេចបានក្នុងរយៈពេល៧៧ឆ្នាំ កន្លង មកនេះ គួរជាទីមោទនៈ និងគួរឲ្យស្ញប់ស្ញែងយ៉ាងក្រៃលែង។ សម្តេច​មានសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំ របស់គណបក្សកម្មុយនីស្តវៀតណាម នឹងបន្តទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បន្ថែមទៀតក្នុងការអភិវឌ្ឍ ប្រទេស ប្រកបដោយសុខសន្តិភាព ស្ថិរភាពរឹងមាំតរៀងទៅ។

ជាថ្មីម្តងទៀត សម្តេច​ចក្រី​ ហេង​ សំរិន​ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះ លោកប្រធាន ព្រមទាំងថ្នាក់ដឹកនាំ ទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ និងជ័យជំនះគ្រប់ភារកិច្ច និងសូមជូនពរបក្ស រដ្ឋ និងប្រជាជន វៀតណាម ជាបងប្អូន ក៏ដូចជាសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងមូលបន្តទទួលបានភាពចម្រើនរុងរឿង និងសុខដុមរមនាតរៀងទៅ៕

ដោយ​៖ សហការី​


ចែករំលែក៖