ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្ដសៀមរាប មានរថយន្ដជួយដឹកជញ្ជូនប្រជាពលរដ្ឋដល់ផ្ទះ ខណៈចាញ់បោកមកនៅដីចម្ការ លោក ខឹម វាសនា !

ចែករំលែក៖

ខេត្តសៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប ប្រាប់ឱ្យអ្នកប្រមូលផ្ដុំនៅចំការម្រេចរបស់លោក ខឹម វាសនា ចាកចេញដោយខ្លួនឯង ដោយមានរថយន្ដជួយដឹកជញ្ជូនដល់ផ្ទះ ខណៈមានពលរដ្ឋប្រមាណជិត១.០០០នាក់ បានសម្រេចចាកចេញហើយវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ។

ក្នុងឱកាសដឹកនាំប្រតិភូចុះត្រួតពិនិត្យស្ថានភាពទូទៅនៅតំបន់ចំការម្រេចលោក ខឹម វាសនា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅ ភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០២២នេះ។ បើយោងតាមអង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, លោក ទៀ សីហា អភិបាលខេត្ដសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រមូលផ្ដុំនៅចំការម្រេចរបស់លោក ខឹម វាសនា សូមចាកចេញមកដោយខ្លួនឯងដើម្បីវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ហើយក្នុងករណីដែលបងប្អូនគ្មានមធ្យោបាយផ្ទាល់ខ្លួន រដ្ឋបាលខេត្តមានរថយន្ដយោធាសម្រាប់ជួយដឹកជញ្ជូនដល់ផ្ទះ ហើយអាជ្ញាធរមិនបានយកទោសពៃពីការជួបជុំគ្នា តាមការឃោសនាបំផុសបំផុលគ្មានការពិតរបស់លោក ខឹម វាសនា ឡើយ ។

លោកបន្ដថា ការប្រមូលផ្ដុំគ្នាដោយខ្វះការពិចារណានេះ បានធ្វើឱ្យបងប្អូនខាតបង់ពេលវេលា នឹងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ កូនៗបាត់បង់ការសិក្សា ប៉ះពាលដល់សុខភាពផងដែរនោះទេ ប៉ុន្តែទោះជាយ៉ាងនេះក្ដីអាជ្ញាធរមិនអាចបោះបង់បងប្អូនឡើយ បើទោះបីបងប្អូនជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬជាសមាជិកគណបក្សណាផ្សេងទៀតក៏ដោយ។

អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប បន្តថា, ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ដ បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តការដាក់យាមកាមរារាំងអ្នកចំណូលថ្មីទាំងអស់ មិនឱ្យចូលទៅកាន់តំបន់ជួបប្រជុំបានទៀត និងផ្ដល់ដំណឹងឱ្យពួកគាត់ចេញពីការប្រមូលផ្ដុំ ព្រមទាំងជួយសម្រួលដល់ពួកគាត់សម្រាប់ការចាកចេញវិលត្រឡប់ទៅលំនៅឋានវិញ ។

បើតាមសមត្ថកិច្ចដែលកំពុងឈរជើងការពារសន្តិសុខនៅតំបន់នោះ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៣១ខែសីហានេះ មានអ្នកប្រមូលផ្ដុំនៅចំការម្រេចរបស់លោក ខឹម វាសនា ប្រមាណជិត១.០០០នាក់ បានសម្រេចចាកចេញវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ដោយមធ្យោបាយផ្ទាល់ខ្លួនពួកគាត់ ខណៈអាជ្ញាធរខេត្ត បានត្រៀមរថយន្ដយោធាប្រមាណ១០គ្រឿង សម្រាប់ជួយដឹកជញ្ជូនពួកគាត់ដល់ផ្ទះ ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២មក លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកអំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចំការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយនេះ។ បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរបស់មេបក្សរូបនោះមក ក៏មានពលរដ្ឋចូលរួមក្នុងចន្លោះពី១ម៉ឹន ៥ពាន់ ទៅ១ម៉ឹន ៧ពាន់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះ តាមរថយន្ត ខ្លះតាមម៉ូតូ ទៅកាន់តំបន់ជើងភ្នំគូលែន។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់ប្រញាល់វិលត្រឡប់មកកម្ពុជា ដោយបោះបង់ការងាររបស់ខ្លួនដែរ។

នៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានសរសេរលិខិតមួយផ្ញើជូន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយក្នុងលិខិតនោះបញ្ជាក់ថាការជួបជុំនេះពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណ: បរិស្ថាន អនាម័យ និងវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការបោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាល នៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប សុំឱ្យបញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរ៕

ដោយ : សហការី


ចែករំលែក៖