អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យបណ្តាប្រទេសនានាជួយផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថាន ក្នុងពេលដែលប្រទេសនេះរងគ្រោះដោយទឹកជំនន់ទ្រង់ទ្រាយធំបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ទឹកដីប៉ាគីស្ថាន១/៣ បានលិចលង់ដោយទឹកជំនន់។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានឱ្យដឹងថា នេះជាគ្រោះធម្មជាតិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ បណ្តាលឱ្យមនុស្សជាង១១០០នាក់ស្លាប់ ក្នុងនោះមានកុមារ៣៨០នាក់ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា «ប៉ាគីស្ថានស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត។ លោកបានអំពាវនាវដល់បណ្តាប្រទេសផ្តល់ជំនួយជាទឹកប្រាក់ ១៦០លានដុល្លារដល់ប៉ាគីស្ថាន។ ទឹកប្រាក់ទាំងនោះនឹងយកទៅទិញថ្នាំ ទឹកស្អាតសម្រាប់ពលរដ្ឋ ជាង៥លាននាក់ដែលរងផលប៉ះពាល់ផ្ទាល់។
ក្នុងពេលនេះដែរ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្នុងប្រទេសប៉ាគីស្ថានបានប្រកាសផ្តល់ជំនួយទឹកប្រាក់៣០លានដុល្លារដល់ប្រទេសនេះសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )