ខេត្តកណ្ដាល ៖ ទូទាំងខេត្តកណ្ដាលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍២ករណី បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់ស្រាល ខូចខាតរថយន្ត១គ្រឿង និងម៉ូតូ៣គ្រឿង ។
យោងតាមរបាយការណ៍ការិយាល័យចរាចរណ៍ខេត្តកណ្ដាលបានឲ្យដឹងថា ករណីទី១-នៅស្រុកពញាឮរវាងរថយន្តនិងម៉ូតូ បណ្ដាលឱ្យឈ្មោះ ម៉ន រិទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល (ស្លាប់) ជាអ្នកបើកបរម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FI-9433 រីឯភាគីខាងរថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិមន្ទ02 2-7922 បើកបរដោយឈ្មោះ សាត សុផុន ភេទប្រុស អាយុ៣៨ឆ្នាំ(មុខរបរយោធា-រងរបួសស្រាល) មានទីលំនៅភូមិពាមលង្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។កើតហេតុវេលាម៉ោង២២និង០៥នាទី លើកំណាត់ផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ១-២ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សាដែក ស្រុកពញាឮ ។ ករណីនេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរមានកំរិតជាតិស្រវឹង 0,716mg/l។ ករណីទី២-នៅស្រុកកណ្ដាលស្ទឹងរវាងម៉ូតូនិងម៉ូតូ បណ្ដាលឱ្យឈ្មោះ ប៉ូ រ៉ាដា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិទន្លាឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល (ស្លាប់បាត់បង់ជីវិត)បើកបរម៉ូតូម៉ាកHonda CBR ធុន២៥០Rពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១CW-២៧០៦ រីឯភាគីម៉ូតូម្ខាងទៀតបើកបរដោយឈ្មោះ ហុន សុីថៃ ភេទ ប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិភ្នំធំ ឃុំ ជាលា ស្រុកបាធាយ ខេត្តកំពង់ចាម (របួសធ្ងន់) បើកបរម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១X-៧០៧៣ មានអ្នករួមដំណើរ១នាក់ ឈ្មោះ ងួន កុសល់ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិវាល ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (រងរបួសធ្ងន់) ។ កើតហេតុវេលាម៉ោង២២និង១៥នាទី នៅលើបណ្ដោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រ២៧-២៨ ភូមិអន្លង់រមៀតលិច ឃុំអន្លង់រមៀត ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ករណីនេះបង្ករឡើងដោយអ្នកបើកម៉ូតូម៉ាក honda CBR ធុន២៥០R ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១CW- ២៧០៦ បើកបរ មិនប្រកាន់ស្តាំ បើកបរលើគន្លងផ្លូវបញ្ច្រាសទិស ខ្វះការប្រុងប្រយ័ត្នទើបបង្កឱ្យមានគ្រោះថ្នាក់ ។
ករណីនេះ សមត្ថកិច្ចជំនាញ បានកសាងឯកសារ និងដកហូតមធ្យោបាយពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាង ជ័យ