ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៧ (7th Belt and Road Summit) នៅទីក្រុងហុងកុង

ចែករំលែក៖

ទីក្រុងហុងកុង៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ លោករដ្ឋលេខាធិការ លឹម ស៊ីដេនីនតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ-ព្រហស្បតិ៍ ៥-៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៧ នៅទីក្រុងហុងកុង ក្រោមប្រធានបទ៖ “ឆ្ពោះកាន់ទៅទំព័រថ្មីៈ កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍” ដោយមានការចូលរួមពីបណ្តារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងបណ្តាក្រុមហ៊ុនវិនិយោគធំៗជុំវិញពិភពលោក។

កិច្ចប្រជុំកំពូលនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ ចែករំលែក ផ្លាស់ប្តូរយោបល់ និងទស្សនវិស័យអំពីឱកាសធុរកិច្ច និងវិនិយោគលើវិស័យជាច្រើន រួមមានការពង្រីកកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិលើផ្នែកពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដោយជំរុញបណ្តាញទំនាក់ទំនង ផ្គូផ្គងធុរកិច្ច និងការបង្កើតភាពជាដៃគូ។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូលនាឱកាសនោះ លោករដ្ឋលេខាធិការ បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាកាតាលីករថ្មី សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោក និងជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការពិភពលោក លើវិស័យជាច្រើនរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងវិនិយោគ។ លោក​ ក៏បានគូសបញ្ជាក់ផងដែរថាកម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើមនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ព្រមទាំងជំរុញការតភ្ជាប់ក្នុងប្រទេស និងក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន និងធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្មរបស់កម្ពុជា។ ក្រៅពីការជំរុញការតភ្ជាប់ សង្គម វប្បធម៌ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច ឯកឧត្តមបានបន្ថែមថា គំនិតផ្តួចផ្តើមខាងលើ ក៏បានជួយកម្ពុជាក្នុងការពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាតិទៅក្នុងតំបន់ផងដែរ។ 

លោករដ្ឋលេខាធិការ ក៏បានដកស្រង់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម” ដូចគ្នាទៅនឹងសុភាសិតមួយឃ្លារបស់ចិន ដែលនិយាយថា “ប្រសិនបើចង់មានបាន ត្រូវធ្វើផ្លូវមុន”។ 

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មហាមិត្តចិន ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាតាំងពីដើមរហូតមក។

សូមជម្រាបជូនដែរថា៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ៕

ដោយ​៖សហការី​


ចែករំលែក៖