ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ ចេញ សេចក្តីប្រកាសពត៌មាន ស្តីពី លោក ប្រាក់ សុខុន បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា,  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា, នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាង ក្រុមហ៊ុនជាដៃគូនៅកម្ពុជា ចំនួនប្រមាណ ១៥០រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងស្វែងយល់ពី សក្ដានុពលនៅប្រទេសកម្ពុជា។ នេះជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣ ហើយបេសកកម្មធុរកិច្ចម៉ាឡេស៊ីនេះគឺជាបេសកកម្មធុរកិច្ចលើកទី២ មកកាន់ កម្ពុជាផងដែរ បន្ទាប់ពីភាពជោគជ័យនៃបេសកកម្មធុរកិច្ចលើកទី១ របស់ប្រតិភូម៉ាឡេស៊ីពីសហគ្រាស ធុនតូច និងមធ្យម កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។

លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងសម្ដែងក្ដី សោមនស្សរីករាយ ដែលកម្មវិធីនេះប្រព្រឹត្តិឡើងចំថ្ងៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៊ី ស្របពេលឆ្នាំ២០២២នេះ ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក ឧបនាយករដ្ឋមន្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បី ជំរុញការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច របស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីផងដែរ។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ច ម៉ាឡេស៊ីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនម៉ាឡេស៊ីចំពោះតថភាពសេដ្ឋកិច្ច ស្ថិរភាព នយោយបាយ និងយុទ្ធសាស្ត្រស្តារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-ម៉ាឡេស៊ី និងបានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីពិចារណាវិនិយោគលើវិស័យ ប្រកបដោយសក្តានុភាពផ្សេងទៀត រួមមាន កសិកម្ម ទេសចរណ៏ និងហេដ្ឋារចនាសម្ព័ន្ធ៕

ដោយ ៖ សិលា


ចែករំលែក៖